ខេត្តពោធិ៍សាត់ ៖ ចោលម្សៀត! ប្រពន្ធកូនរួមទាំងសាច់ញាតិយកមុខទៅទុកនៅឯណាបើចេសៗវ៉ាន់ មើលចុះជនសង្ស័យ២នាក់នេះអាចខ្វះលុយទិញគ្រឿងញៀនប្រើប្រាស់ នាំគ្នាលួចទ្រព្យសម្បត្តិគេយកទៅលក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវចាប់ដាក់ខ្នោះ ។
ករណីឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម និងជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខាងលើ ធ្វើឡើងនារសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិកំពង់លើ និងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាត្រូវបានឃាត់ខ្លួនយកមកបន្តនីតិវិធី ទី-១ ឈ្មោះ ឈុំ សុភ័ក្រ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ មានប្រពន្ធ និងកូនស្រី១នាក់ ។ និងទី-២ ឈ្មោះ លី ម៉ូសា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៤នាក់ក្នុងបន្ទុកគ្រួសារ ។
ប្រភពដដែលបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា២នាក់នេះ ដកហូតនូវឧបករណ៍ភ្លេង(មុិចស័រ)ដែលជាវត្ថុតាង១គ្រឿង ហើយនេះជាអនុវត្តន៍បណ្ដឹងរបស់ឈ្មោះ ប៉ុន វណ្ណនឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដឹងជនរងគ្រោះ(ប៉ុន វណ្ណនឿន)បានរាបរប់ប្រាប់សមត្ថកិច្ចនគរបាល កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ពេលខ្លួនត្រឡប់មកពីចាក់ធុងបាស់វិញ ខ្លួនបានយកមុិចស័រដាក់លើតុគ្របភួយនៅក្រោមផ្ទះ លុះនៅវេលាខាងលើបាត់មុិចស័រ ខណៈនោះខ្លួន(ប៉ុន វណ្ណនឿន)បានជិះម៉ូតូដើររក ស្រាប់តែឃើញនៅផ្ទះរបស់ឈ្មោះ ម៉ាត់ ម៉ារីយ៉ាន ស្ថិតនៅភូមិដួង ឃុំក្បាលត្រាច ពេលគាត់សួរនាំជាប់ពាក់ព័ន្ធនឹងឈ្មោះ ឈុំ សុភ័ក្រ និងឈ្មោះ លី ម៉ូសា ទើបប្ដឹងសមត្ថកិច្ចនគរបាលតែម្ដង ។
ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា ការធ្វើតេស្តទឹកនោម(វិជ្ជមាន+)ជនសង្ស័យជាមុខសញ្ញាធ្លាប់អប់រំមិនកែប្រែ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង(មុិចស័រ)រាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕
ដោយ៖ បុឹម ពិន