ព័ត៌មានទាន់ហេតុការណ៍៖

ប្រឹងរៀន​ស្មើនឹង​ស្រឡាញ់​សង្គម​

ចែករំលែក៖

នេះជាទស្សន:រួមដែលមនុស្សទូទៅគួរយល់ដឹង។
“អ្នក​ស្រឡាញ់​សង្គម គឺ​ហៅថា​ជាតិនិយម ហើយ​អ្នកជាតិនិយម​ពិតប្រាកដ គឺ​ត្រូវ​ឱ្យ​តម្លៃ​លើ​ការអប់រំ។ យុវជន​ដែល​ស្រឡាញ់​សង្គម គឺជា​អ្នក​ដែល​ប្រឹងរៀន ហើយ​យុវជន​ប្រឹងរៀន គឺជា​យុវជន​ជាតិនិយម​ពិតប្រាកដ​”។

មនុស្ស​ដែល​មានការ​អប់រំ​ល្អ​បំផុត គឺជា​បុគ្គល​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត​ចំពោះ​អ្នកដឹកនាំ​អាក្រក់​បំផុត។ អ្នកចេះ​សុខចិត្ត​ដាច់​ក្បាល ក៏​មិន​ឱនក្បាល​ចំពោះ​ទង្វើ​អយុត្តិធម៌​ដែរ។ អ្នកចេះ​សុខចិត្ត​ក្រ ក៏​មិន​លន់តួ​អង្វរ​នរណា​ម្នាក់​ដែរ។ នេះ​គឺជា​អំណាច​នៃ​ការអប់រំ។ ទ្រឹស្ដី​យុត្តិធម៌​បាន​សរសេរ​ថា “មនុស្ស​ខ្លះ​សុខចិត្ត​យក​យុត្តិធម៌ និង​សេរីភាព​របស់​ខ្លួន ទៅ​ដោះដូរ​នឹង​សន្តិភាព (ភាព​គ្មាន​សង្គ្រាម​)”។ នៅពេល​ដែល​ការដោះដូរ​បែបនេះ​កើតឡើង​បន្ត​ជំនាន់ ខុស​កាលៈទេសៈ គឺ​នឹង​ធ្វើ​ឱ្យ​ការគាបសង្កត់​កើតឡើង​តពូជ។

អ្នកជាតិនិយម គឺជា​បុគ្គល​ដែល​ឱ្យ​តម្លៃ​ទៅលើ​ការអប់រំ។ អវិជ្ជា​ធ្វើ​ឱ្យ​មនុស្ស​វង្វេង​រក​ខ្លួនឯង​ពុំ​ឃើញ។ ស្វែងរក​ខ្លួនឯង​ពុំ​ឃើញ គឺ​ស្មើនឹង​បាត់ព្រលឹង។ ជន​សង្គម​បាត់ព្រលឹង ជាហេតុ​ធ្វើ​ឱ្យ​សង្គម​បាត់ព្រលឹង។ សង្គម​បាត់ព្រលឹង គឺ​ដោយសារតែ​ខ្មែរយើង​លែង​ស្គាល់​ខ្លួនឯង លែង​ស្គាល់​បងប្អូន​ឈាម​ជាតិ​ឯង លែង​ពាល់​ចិត្ត​គ្នា​ត្រូវ និង​ខ្វះ​ភាពជា​អ្នកដឹកនាំ​ក្នុង​ខ្លួន។ លែង​ស្គាល់​ខ្លួនឯង គឺ​មានន័យថា​តើ​ខ្លួន​ជា​នរណា​? មក​ពីទី​ណា​? រស់នៅ​ដើម្បីអ្វី​? លែង​ស្គាល់​បងប្អូន​ឈាម​ជាតិ​ឯង គឺជា​ធម្មជាតិ​នៃ​អ្នក​ដែល​មិនទាន់​ស្គាល់​ខ្លួនឯង (បើ​មិន​ស្គាល់​ខ្លួន​ឯ គឺ​ពុំ​អាច​ស្គាល់​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន​បាន​ឡើយ​)។ ខ្វះ​ភាពជា​អ្នកដឹកនាំ គឺ​មានន័យថា​ខ្វះ​ភាពជា​គំរូ (យល់ថា​មេដឹកនាំ គឺ​សំដៅលើ​មនុស្ស​ដែល​មានអំណាច​តួនាទី​តែងតាំង តែ​នេះ​គឺជា​ការយល់​ខុស​)។ យុវជន​ដែល​ស្រឡាញ់​សង្គម គឺជា​អ្នក​ដែល​ប្រឹងរៀន គឺជា​យុវជន​ជាតិនិយម​ពិតប្រាកដ​៕

ដកស្រង់ចេញពីសៀវភៅ «ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ»
ដោយ÷ចៅតាជេត


ចែករំលែក៖