ព័ត៌មានទាន់ហេតុការណ៍៖

អតីតកញ្ញាឯក សេង រដ្ឋា ឆក់បានឱកាសធំក្រោយពីបោះបង់តំណែង

ចែករំលែក៖

អតីតកញ្ញាឯក Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋាមិនត្រឹមតែស្ថិតក្នុងតំណែងតួឯកនោះទេ គឺតម្លៃខ្លួននៃការថតខ្សែភាពយន្តវិញក៏ខ្ពស់មិនធម្មតាដែរ ពោលគឺប្រហាក់ប្រហែលទៅនឹងតារាសម្តែងរៀមច្បងលំដាប់ជួរមុខ ឬGrad A នោះដែរ ដែលតាមការទម្លាយថាបានប្រមាណជា៥ពាន់ដុល្លារអាមេរិកឯណោះ។ ប្រភពពីសិល្បករដែលបានជួបផ្ទាល់ និងចាប់ផ្តើមរួមការងារជាមួយតារាស្រីរូបនេះបានទម្លាយថា សេង រដ្ឋា ជានារីសុភាពរាបសា រួសរាយរាក់ទាក់ និងហ្មត់ចត់ជាមួយការងារ ដែលហាក់ផ្ទុយពីពាក្យចចាមអារ៉ាមកន្លងមក។
កន្លងទៅថ្មីៗនេះមានការវិភាគក្រៅផ្លូវការជាហូរហែអំពីជោគវាសនារបស់កញ្ញា សេង រដ្ឋា អតីតកញ្ញាឯកMiss Grand Cambodia 2020 ថាអាចនឹងមានវាសនាមិនល្អ ក្រោយពីការប្រកាសស្ម័គ្រចិត្តឲ្យមានការដកតំណែងនិងប្រគល់មកុដឲ្យទៅភាគីក្រុមហ៊ុនវិញនោះ។ ទោះជាយ៉ាងណាការវិភាគនេះត្រូវបានក្លាយទៅជារឿងអស់សំណើចក្រោយពីប្រកាសផ្ទេរតំណែងទៅឲ្យអ្នកផ្សេងមិនបាន២៤ម៉ោងផងស្រាប់តែកញ្ញា សេង រដ្ឋា ត្រូវបានគេប្រកាសថានឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគធំមួយ ដែលស្ថិតក្នុងតំណែងជាតួឯកថែមទៀតផង។ប្រភពលើកឡើងដែរថា ផលិតកម្ម Ad Music បានយកចិត្តទុកដាក់ និងឲ្យតម្លៃនាងខ្ពស់សមទៅនឹងកេរ្តិ៍ឈ្មោះរបស់នាងដែលមិនទំនងដូចពាក្យថាជាប់ក្នុងបញ្ជីខ្មៅរបស់ផលិតករនោះឡើយ។ កាន់តែភ្ញាក់ផ្អើលគឺក្រោយពីផលិតករល្បីឈ្មោះ លោក រិទ្ធិ អូមេហ្គា បានប្រកាសផ្តល់ឱកាសបន្ថែមសម្រាប់នាង ដើម្បីបង្ហាញសមត្ថភាព។ លោកលើកឡើងថា ប្រសិនបើគាត់ សេង រដ្ឋា ជាប់បញ្ជីខ្មៅ មិនមានផលិតករណាហ៊ានទទួល រូបលោកដែលជាផលិតករតូច លោកសា្វគមន៍គាត់មកកាន់ One Shot Media ។ លោកបន្តថា លោកត្រូវការតែសមត្ថភាពប៉ុណ្ណោះ និងព្យាយាមស្រឡាញ់ការងារពិតប្រាកដ។ ការប្រកាសរបស់ផលិតករនេះដែរគឺក្រោយពីគេដឹងថា លោកទើបនឹងប្រកាសបើកដំណើរការជាផ្លូវការនៃផលិតកម្មថ្មីខាងលើកាលពីថ្មីៗនេះ។ ផលិតកររូបនេះបានបញ្ចេញសា្នដៃផលិតបទចម្រៀងប្រកបដោយគុណភាព ពិសេសលើគម្រោងចេញផលិតខ្សែភាពយន្តភាគមួយដែលទទួលសិទ្ធិផលិតពីបរទេសផងដែរ។
ការប្រកាសរបស់ផលិតករខាងលើក៏អាចឆ្លុះបញ្ចាំងអំពីស្ថានភាពល្អប្រសើរទៅវិញទេសម្រាប់ជោគវាសនារបស់នាងខណៈដែលថ្មីៗនេះគេបានឃើញវត្តមាននាងចូលរួមថតឈុតផ្សព្វផ្សាយ ពាណិជ្ជកម្ម និងខ្សែភាពយន្តមួយចំនួន។ មានការទម្លាយដែរថា ពេលនេះ សេង រដ្ឋា ត្រូវបានផលិតកម្ម ក្រុមហ៊ុនធំៗកំពុងមានការចាប់អារម្មណ៍និងចង់បាននាងជាតារាតំណាង និងការចេញថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មព្រោះតែកន្លងទៅថ្មីនេះការប្រកាសស្ម័គ្រចិត្តឲ្យគេដកតំណែងពីកញ្ញាឯកបានល្បីសុសសាយ និងបានបញ្ចាក់ដែរថា នាងនឹងមិនមានកិច្ចសន្យាកាន់ឆ្នាំជាមួយក្រុមហ៊ុនគ្រប់គ្រងកញ្ញាឯកនោះទេ។ពេលវេលាទៅមុខក៏នឹងអាចបញ្ជាក់បានដែរថា នាងមានសមត្ថភាពកម្រិតណា ដើម្បីឈោងចាប់ភាពល្បីល្បាញឆក់បានការគាំទ្រចេញពីបេះដូងរបស់ទស្សនិកជនកម្រិតណា ពោលគឺថាតើកញ្ញា សេង រដ្ឋា គឺជាដុំពេជ្រ ឬក៏ជាដុំថ្ម។ មានការលើកឡើងដែរថា ជោគវាសនារបស់តារាស្រីរូបនេះ មិនមែនស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រុមផលិតកម្ម ឬក្រុមហ៊ុនណាឡើយ ពោលគឺស្ថិតនៅលើសមត្ថភាព ទេពកោសល្យ សីលធម៌ និងការខិតខំប្រឹងប្រែងតស៊ូរបស់នាងតែប៉ុណ្ណោះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖