ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌចំការមនបង្រ្កាបជនសង្ស័យ២នាក់ដែលជួញដូរនូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចុះបង្រ្កាបបទល្មើសជាក់ស្ដែងបានជនសង្ស័យ២នាក់រួមនឹងថ្នាំញៀនចំនួន៤កញ្ចប់តូច កាំភ្លើងខ្លីជ័រ ១ដើម គ្រាប់បែកជ័រ១គ្រាប់ ខ្នោះជ័រ នៅលើឡំប្រឺតា កាលពីវេលាម៉ោង២និ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ តាមផ្លូវលេខ១០១កែងផ្លូវលេខ៥០៨ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១- ឈ្មោះ ទឹម វ៉ាន់ថា ភេទ ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះម៉ាស្សា ផ្លូវ លេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ ម៉ាស្សា ។
ជនសង្ស័យទី២- ឈ្មោះ កន វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មុខរបរ រត់ឡំប្រឺតា។

លោក ផន អូន អធិការរងខណ្ឌចំការមនបានឱ្យដឹងថា ដោយមានប្រជាពលរដ្ឋល្អរាយការណ៍ថាមានមនុស្សប្រុស២នាក់នៅលើឡំប្រឺតាសង្ស័យជក់គ្រឿងញៀនហើយក៏សហការជាមួយមេភូមិ នគរបាលប៉ុស្តិ៍ និងមានការអនុញ្ញាតពីលោក យិន សាន អធិការខណ្ឌចំការមនផង បានចុះបង្រ្កាបដល់ទីតាំងហើយឃាត់បានមនុស្សប្រុសជាជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងឡំប្រឺតា១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1HQ-7891ពណ៌ស និងថ្នាំញៀន៤កញ្ចប់តូច កាំភ្លើងខ្លីជ័រ១ដើម គ្រាប់បែកជ័រ១គ្រាប់ ខ្នោះជ័រ១ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ នាំយកមកអធិការដ្ឋាននគរបាលខណ្ឌផ្នែកជំនាញ ។

ក្នុងនោះនគរបាលអំពាវនាវដល់ប្រជាពលរដ្ឋយុវជនយុវតីទាំងអស់សូមមេតា្តជៀសឱ្យឆ្ងាយពីគ្រឿងញៀនព្រោះវាជាអំពើខុសច្បាប់និងធ្វើឱ្យយើងបាត់បង់ស្មារតីលែងស្គាល់បងប្អូនខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ជី ណា


ចែករំលែក៖