ភ្នំពេញ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata បានប្រកាសថា ខ្លួននឹងបន្តគាំទ្រដល់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធឺណិត (BEEP) របស់អង្គការយូណេស្កូ ក្នុងនាមជាដៃគូទូរគមនាគមន៍ ដោយផ្តល់ឧបករណ៍សិក្សា និងទិន្នន័យសម្រាប់យុវជនក្រៅសាលា ឱ្យបញ្ចប់ការអប់រំអនុវិទ្យាល័យ ដោយធ្វើការងារជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចាប់តាំងពីបង្កើតកម្មវិធី BEEP ក្នុងឆ្នាំ២០១៨ ដោយអង្គការយូណេស្កូ ជាមួយការគាំទ្រពីក្រសួងទាំងពីរនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរគមនាគមន៍ទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានគាំទ្រកម្មវិធី BEEP តាមរយៈការផ្តល់លទ្ធភាពចូលទៅកាន់ផ្លាតហ្វម BEEP នេះ ដើម្បីធានាថា យុវជនក្រៅសាលាអាចបញ្ចប់ការសិក្សាកម្មវិធីនេះ និងបន្តការសិក្សានៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬសាលាបច្ចេកទេសនានា។
កម្មវិធី BEEP ផ្តល់ជូនមុខវិជ្ជាសរុបចំនួន ១១ ដោយសិក្សាតាមអេឡិចត្រូនិច ដែលសិស្សានុសិស្សអាចរកបានមុខវិជ្ជាទាំងនេះសម្រាប់ការរៀនសូត្រនៅក្នុងកម្មវិធី Moodle ជាភាសាខ្មែរ។ កម្មវិធីនេះផ្តល់ជូនការអប់រំប្រកបដោយភាពបត់បែន និងបែបជម្រើសដល់យុវជនក្រៅសាលា ដែលអាចឱ្យពួកគេបញ្ចប់ការអប់រំថ្នាក់អនុវិទ្យាល័យឬការអប់រំមូលដ្ឋានដែលស្មើនឹងថ្នាក់ទី៩។
កម្មវិធី BEEP របស់អង្គការយូណេស្កូ គឺជាផ្នែកមួយនៃកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ក្នុងដំណាក់កាលទី២ ក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីរួមគ្នាមួយរវាងអង្គការសហប្រជាជាតិមួយនេះជាមួយនឹងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី DEY ដំណាក់កាលទី២ នេះមានបំណងជួយយុវជន និងយុវនារីក្នុងប្រទេសកម្ពុជាឱ្យទទួលបានឱកាសកាសការងារសមរម្យប្រកបដោយផលិតភាព តាមរយៈការធានាថា ពួកគេមានសមត្ថភាពកាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ការងារប្រកប ដោយគុណភាព។
កម្មវិធី BEEP ក៏អាចផ្តល់លទ្ធភាពឱ្យយុវជននិងយុវនារីកម្ពុជាបញ្ចប់ការអប់រំរបស់ពួកគេផងដែរ ខណៈដែលកំពុងបន្តសកម្មភាពការងារ។ លក្ខណៈសម្បត្តិការអប់រំមូលដ្ឋានដែលផ្តល់ដោយកម្មវិធីBEEP បន្ទាប់ពីបញ្ចប់ការសិក្សាកម្មវិធីនេះ អាចឱ្យសិស្សានុសិស្សស្វែងរកឱកាសការងារសមស្រប។
ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ មជ្ឈមណ្ឌលសិក្សារបស់កម្មវិធីBEEP ចំនួន២១ កន្លែង ត្រូវបានបង្កើតឡើងក្នុងខេត្តចំនួន១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយមជ្ឈមណ្ឌលសិក្សាចំនួន ៣៥ កន្លែងបន្ថែមទៀតគ្រោងនឹងបង្កើតឡើងនៅទូទាំងខេត្តចំនួន ១៥ នៅត្រឹមឆ្នាំ២០២៣។
ក្រុមហ៊ុន Smart Axiata បានប្តេជ្ញាចិត្តផ្តល់ធេប្ល៊ីតចំនួន ៣៥០គ្រឿង និងស៊ីមកាតចំនួន ៣៥០ ដែលអាចប្រើប្រាស់អីុនធឺណិតគ្មានដែនកំណត់ដោយឥតគិតថ្លៃ ទៅឱ្យសិស្សចំនួន ៥០០នាក់ ដើម្បីចូលយកមុខវិជ្ជាសិក្សា និងផ្តល់ជូនកុំព្យូទ័រយួរដៃចំនួន ៥ សម្រាប់គោលបំណងសម្របសម្រួលកម្មវិធីទៅឱ្យក្រសួងទាំងពីរដែលគ្រប់គ្រងកម្មវិធីនេះ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «លទ្ធភាពទទួលបានការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន ហើយក្រុមហ៊ុន Smart ជឿទៅលើសិទ្ធិនេះយ៉ាងខ្លាំង។ តាមរយៈការប្រើប្រាស់ឥទ្ធិពលនៃបច្ចេកវិទ្យា យុវជនជាពិសេសយុវជនដែលបានចូលរួមក្នុងកម្លាំងពលកម្មដោយគ្មានលក្ខណៈសម្បត្តិមូលដ្ឋាន បច្ចុប្បន្នមានឱកាសបន្តការរៀនសូត្រ លូតលាស់ និងអភិវឌ្ឍខ្លួន»។ លោកបន្ថែមថា៖ «ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនតាមរយៈការអប់រំគឺជាការកត្តាជំរុញ ដែលស្ថិតនៅពីក្រោយកម្មវិធីជាច្រើនរបស់យើង ហើយយើងមានមោទនភាពក្នុងការបន្តភាពជាដៃគូរបស់យើងជាមួយអង្គការយូណេស្កូ និងក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយតម្រូវការបន្ទាន់នៃការផ្តល់ឱកាសអប់រំដែលកំពុងធ្វើឡើងដល់យុវជន»។
ក្រុមហ៊ុន Smart Axiata នឹងផ្តល់អុីនធឺណិតដោយឥតគិតថ្លៃផ្តល់សិស្សដែលបានចុះឈ្មោះ ដើម្បីទទួលបានមេរៀនអេឡិចត្រូនិច ហើយអាចចូលយកមុខវិជ្ជាណាមួយដែលពួកគេចាប់អារម្មណ៍នៅទីតាំងរបស់ពួកគេផ្ទាល់។
វិធីមួយដែលកម្មវិធី BEEP អាចធ្វើឱ្យមានឥទ្ធិពលខ្លាំងនិងមានរយៈពេលយូរអង្វែងគឺតាមរយៈការភ្ជាប់ខ្លួនទៅនឹងកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ (FLP) ដែលអាចឱ្យយុវនារីដែលធ្វើការនៅរោងចក្រទទួលបានបំណិនអក្ខរកម្មមូលដ្ឋាន និងអាចឱ្យពួកគេដឹងអំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។
សិស្សដែលជាប់ការប្រឡងបញ្ចប់មុខវិជ្ជានេះត្រូវបានផ្តល់ជូនវិញ្ញាបនបត្របញ្ចប់ការសិក្សាមួយដែលផ្តល់ជូនដោយមន្ទីរអប់រំ យុវជន និងកីឡានៅតាមខេត្តរៀងៗខ្លួន ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា (ដែលជាមុខវិជ្ជាស្មើរនឹងកម្រិតអប់រំថ្នាក់ទី៦)។
កម្មករនិងកម្មករីរោងចក្រដែលបញ្ចប់ការសិក្សាពីកម្មវិធី FLPអាចបន្តការអប់រំរបស់ពួកគេបានតាមរយៈការចុះឈ្មោះក្នុងកម្មវិធីBEEP ហើយទទួលបានភាពសមមូលទៅនឹងការអប់រំថ្នាក់អនុវិទ្យាល័យផងដែរ។
លោក Sardar Umar Alam អ្នកតំណាងរបស់អង្គការយូណេស្កូ បានថ្លែងថា៖ «អង្គការយូណេស្កូ មានសេចក្តីរីករាយក្នុងការបន្តធ្វើការងារជាមួយក្រុមហ៊ុន Smart Axiata ដែលផ្តល់ដំណោះស្រាយអប់រំឌីជីថលប្រកបដោយភាពបត់បែនសម្រាប់សិស្សដែលសិក្សានៅតាមមជ្ឈមណ្ឌលសិក្សារបស់កម្មវិធី BEEP ដើម្បីបន្តការសិក្សាពីចម្ងាយរបស់ពួកគេ»។ លោកបន្ថែមថា៖ «ភាពជាដៃគូសាធារណៈនិងឯកជន នឹងបង្កើតបានជាឱកាសកាន់តែច្រើនថែមទៀត ដើម្បីធានាថា យុវជនយុវនារីអាចទទួលបានការអប់រំប្រកបដោយគុណភាព និងជំនាញ ដែលតម្រង់ទិសឆ្ពោះទៅរកការងារ»៕
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវាGigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh