ខេត្តបាត់ដំបង÷ លោកសាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបងនារសៀលថ្ងៃទី 16 ខែកុម្ភឆ្នាំ 2021 ។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធភាពសិន មុននឹង ចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗ ដល់ពលករ ដែលបានបាត់បង់ការងារធ្វើ ។
លោករដ្ឋមន្ត្រី បានបន្តថា កុំឆ្លងចេញចូលទៅប្រទេសថៃ ព្រោះប្រទេសមួយនេះ កំពុងមានការឆ្លងខ្លាំងក្នុងសហគមន៍ តាមខេត្តមួយចំនួន ។ សម្រាប់អ្នកចង់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ បើគ្រាន់ចង់លេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩នេះ ។
លោករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរឹង នូវពួកមេខ្យល់ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក ដោយឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ នៅសល់តិចតួចនិងកំពុងគ្រប់គ្រងបាន។
ចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុតសាខន ប្រទេសថៃ មានពលករឆ្លងដែនតាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៧០០០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កជិត ៤០០០នាក់ កំពុងធ្វើចត្តាឡីស័កជាង ៣០០០នាក់ ខណៈនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករឆ្លងដែនពីប្រទេដថៃមានជាង ៣០០នាក់ ៕
ដោយ៖សូ រិយា