ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញគ្រោង ដាក់សាឡាង ឆ្លងយាន យន្ត ចេញពីកោះនរា ទៅកាន់កោះពេជ្រ ដើម្បីរំដោះចរាចរណ៍ នៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោង នឹងដាក់សាឡាង ឆ្លងយានយន្ត ចេញពីកោះនរា ទៅកាន់កោះពេជ្រ សហការជាមួយក្រុមហ៊ុន OCIC ខណៈស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរាបាន និងកំពុងសាងសង់ យ៉ាងមមាញឹក ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនិងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ០១ ពីព្រែកប្រា មកផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ០១ ភ្ជាប់មកផ្លូវជាតិលេខ២ ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានី ខណៈលោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅលើកោះនរា.នៅថ្ងៃទី១៧  ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈកំណាត់ផ្លូវនេះចរាចរណ៍ មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងខ្ចីដីកោះនរា ដាក់សាឡាងដើម្បីឆ្លងយានយន្តនានា ចេញពីកោះនរាទៅកាន់កោះពេជ្រ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិ លេខ១។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក ឃួង ស្រេងមិនបានកំណត់ថា នឹងចាប់ផ្ដើមដំណើរការនៃការបើកឲ្យដំណើរការនៃការដាក់សាឡាងឆ្លងយានយន្តនេះនៅពេលណានោះទេ ។
បន្ថែមពីលើនេះទៀតរដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពាន០១ទៀត នៅភាគខាងត្បូងផ្លូវជាតិលេខ១ ពីព្រែកប្រាមកផ្លូវជាតិ២ ដើម្បីរំដោះចរាច រណ៍ នៅលើផ្លូវជាតិលេខ០១នេះដែរ។ ប៉ុន្តែគេជឿថា គម្រោងដាក់សាឡង់ឆ្លងយានយន្តខាងលើនេះមិនយូរទេ នឹងចាប់ផ្តើមដំណើរការហើយ ដោយសារថា ការ រៀបចំកំពង់ដរទាំងសងខាស្ថាបនាស្ទើរតែរួចរាល់ ១០០% ហើយនោះ ៕

ដោយ៖សំរិត


ចែករំលែក៖