ព័ត៌មានទាន់ហេតុការណ៍៖

ជាប់គុកដូចបំណង អតីតអធិការនគរបាលស្រុកកំរៀង បន្ទាប់ពីសម្តេចតេជោ ដកស័ក្តិ បណ្តេញចេញពីក្របខ័ណ្ឌ រឿងពុករលួយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ចៅក្រមស៊ើបសួរសាលាដំបូងលោក យី ឆៃ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ទៅលើជនត្រូវចោទ អតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

សាលាដំបូងខេត្តបាត់ដំបង បានឃើញមាត្រា ២២០ និងមាត្រា ២២១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ១៨១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២៧៥ ដស .ស ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ របស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

ឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ ៤៦ឆ្នាំ ជាតិខ្មែរ មុខរបរជាកសិករ កាន់សាសនាព្រះពុទ្ធ ទីកន្លែងកំណើតភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នភូមិកណ្តាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំ បង ឪពុកឈ្មោះ គឹម លឿង (1) ម្តាយឈ្មោះ ព្រាប ភីយ៉ម (1) ប្រពន្ធឈ្មោះ ឃឹម សំណាង មានកូន ០៤នាក់ កម្រិតវប្បធម៌ថ្នាក់ទី១២ ទោសពីមុនគ្មាន។

ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តនៅចំណុចអធិការដ្ឋាននគរបាលស្រុកកំរៀង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ និងកាលពីអំឡុងខែមករា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ៨ និងមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

បានឃើញដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខៈ ១៥៥ ត.ព្រ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែល បានសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នរយៈពេលអតិបរមា ៦ខែ។

ហេតុដូច្នេះសម្រេច:
១.បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ គឹម ពន្លក ភេទ ប្រុស អាយុ ៤៦ឆ្នាំ ជាតិខ្មែរ (អត្តសញ្ញាណខាងលើ នីតិវិធី) ពន្ធនាគារខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវ
២.បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តបាត់ដំបងទទួល និងឃុំខ្លួនជននេះ រហូតដល់មានបញ្ជាថ្មីសម្រេចផ្សេង
៣.បង្គាប់ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្ត ឲ្យបានល្អនៅក្នុងករណីចាំបាច់ ៕

ដោយ៖ សិលា


ចែករំលែក៖