ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នៅតែបន្តទទួលបានទំនុកចិត្តពីរដ្ឋសភា

ចែករំលែក៖

នៅថ្ងៃទី២០ ខែកុម្ភៈ នាយករដ្ឋមន្ត្រី ថៃ លោកប្រាយុទ្ធ ចាន់អូចា បានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត ដោយលោកទទួលបានការគាំទ្រខ្ពស់ពីសមាជិករដ្ឋសភា។ ប៉ុន្តែ លោកត្រូវប្រឈមនឹងការធ្វើបាតុកម្មប្រឆាំងជាថ្មី ក្រោយពីស្ងប់ស្ងាត់មួយរយៈមក។

នាយករដ្ឋមន្ត្រីប្រាយុទ្ធ និងរដ្ឋមន្ត្រី ៩រូប ទទួលបានការផ្តល់ទំនុកចិត្តពីរដ្ឋសភា នៅក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តនាថ្ងៃទី២០ខែកុម្ភៈ ក្រោយរយៈពេល ៤ថ្ងៃនៃការពិភាក្សាដ៏តឹងតែង រវាងបណ្តាតំណាងរាស្ត្រ។
ប្រធានរដ្ឋសភាថៃ លោក Chuan Leekpai បានប្រកាសថា ការបោះឆ្នោតផ្តល់ទំនុកចិត្តនាំមកនូវលទ្ធផលល្អសម្រាប់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ និងគណបក្សកាន់អំណាច។
តំណាងរាស្ត្រគណបក្សប្រឆាំងបានថ្កោលទោសយ៉ាងខ្លាំងដល់ ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ រួមជាមួយនយោបាយសេដ្ឋកិច្ចរបស់លោកប្រាយុទ្ធដែលមិនទទួលបានជោគជ័យ ។
លទ្ធផលបោះឆ្នោតផ្តល់ទំនុកចិត្ត ដោយជ័យជម្នះបានទៅលើ រដ្ឋាភិបាល ដូចដែលការព្យាករតាំងពីពេលដំបូង ។ គណបក្ស Palang Pracharathរបស់លោកប្រាយុទ្ធ និងសម្ពន្ធមិត្ត មានសំឡេងភាគច្រើននៅក្នុងសភាស្រាប់ ដូច្នេះ ការទទួលបានជ័យជម្នះ គឺជារឿងត្រឹមត្រូវ។
បើទោះឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត តែរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ត្រូវប្រឈមនឹងការធ្វើបាតុកម្មកាន់តែខ្លាំង ក្រោយការឆ្លងកូវីដ-១៩ ធ្លាក់ចុះ ៕ ដោយ៖ធី រីណា

រូបភាព៖ Reuters


ចែករំលែក៖