ព័ត៌មានទាន់ហេតុការណ៍៖

លីវ ជីលី រងការរិះគន់ក្រោយចេញវីដេអូ និងរូបភាពនៃការកែសម្ផស្សមុនពេលចេញទៅប្រកួតនៅប្រទេសថៃ

ចែករំលែក៖

      ភ្នំពេញ៖ វីដេអូនិងរូបថតជាច្រើនសន្លឹកដែលបង្ហាញអំពីការវះកាត់កែសម្ផស្សផ្នែកទម្រង់មុខរបស់ម្ចាស់មកុកញ្ញាឯកMiss Grand Cambodia 2020 កញ្ញា លីវ ជីលី ត្រូវបានបញ្ចេញ រហូតលេចចេញការរិះគន់មួយចំនួនជាហូរហែ។ ការបញ្ចេញនេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលនាងឡើងយន្តហោះទៅកាន់ព្រះរាជាណាចក្រថៃដើម្បីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិដើមខែមីនានោះ

គេចាំបានថា នាងនឹងចេញទៅប្រកួតក្នុងកម្មវិធីMiss Grand International 2020 នៅព្រះរាជាណាចក្រថៃ នឹងធ្វើឡើងនៅថ្ងៃទី០១ខែមីនាខាងមុខនេះ។ការអញ្ជើញមកដល់នូវបេក្ខភាពកញ្ញាឯកមកពីបណ្តាប្រទេសច្រើនជាង៧០ប្រទេសនឹងធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ដែលបេក្ខនារីទាំងអស់ត្រូវធ្វើចតាលីស័ក្ករយៈពេល១៤ថ្ងៃ មុនពេលកម្មវីធីសន្និសីទសារព័ត៌មាននិងទទួលទានអាហារពេលល្ខាចស្វាគមន៍ត្រូវបានធ្វើនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ជាបន្តបន្ទាប់កម្មវិធីផ្សេងៗដែលត្រូវធ្វើនៅថ្ងៃបន្តបន្ទាប់មានដូចជា កម្មវិធីទស្សនកិច្ច ការប្រកួតឈុតហែលទឹក ការផ្តល់កិច្ចសម្ភាសន៍ ការហាត់សមឆាក ការប្រកួតឈុតតំណាងជាតិ ការបង្ហាញសមត្ថភាព ខណៈដែលវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១។

ទោះជាយ៉ាងណាកន្លងទៅ ថ្ងៃផ្ទេតំណែង​ម្កុដកញ្ញាឯកទៅឲ្យ កញ្ញា លីវ ជីលី នាងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាមួយតួខ្លួនរបស់នាងគឺធម្មជាតិទាំងអស់ ហើយការទម្លាយរូបថត និងវីដេអូនៃការកែសម្ផស្ស របស់គ្លីនិចមួយនេះរងការរិះគន់មួយចំនួនពីអ្នកគាំទ្រដែលពួកគេលើកឡើងថា មិនគួរបញ្ចេញមុនពេលចេញទៅប្រកួតឡើយ  ហើយអ្វីដែលគួរធ្វើនៅពេលនេះគឺការពង្រឹងសមត្ថភាពនៃការទំនាក់ទំនង ការដើរ និងការត្រៀមឆ្លើយសំណួរនោះជាដើម។ អ្នកខ្លះលើកឡើងថា ជាការចេញទៅប្រកួតគួររក្សាសម្រស់ធម្មជាតិល្អជាងការវះកាត់។ ក៏មានការទម្លាយដែរថាកន្លងទៅកញ្ញាឯកកម្ពុជាមួយចំនួនទៀតក៏ធ្លាប់បានកែច្នៃសម្រស់ខ្លះៗនៃដងខ្លួនផងដែរមុនពេលចេញទៅប្រកួត ប៉ុន្តែក៏មិនគួរបញ្ចេញជាសាធារណៈឡើយ បើទោះបីជាមិនមានការហាមមិនឲ្យអ្នកវះកាត់កែសម្រស់ចូលរួមប្រកួតនោះក៏ដោយ។ ការកែសម្ផស្សនេះត្រូវបានគេដឹងថាជាវិធីសាស្ត្រនៃការទាញសរសៃអំបោះ ដើម្បីផ្លាស់ប្ដូរទម្រង់ដោយមិនមានស្លាកស្នាមនោះក៏ដោយ។ មានការលើកឡើងដែរថា នាងក៏គួរបបង្កើនទំនុកចិត្តលើចំណេះដឹងទូទៅឲ្យបានខ្លាំងដើម្បីបង្កើនទំនុកចិត្តគ្រាចេញទៅប្រកួតនោះ

កញ្ញា លីវ ជីលី ដែលជាអតីតម្ចាស់ជ័យលាភីរងលំដាប់ទី២ និងជាអតីតបេក្ខភាពតំណាងខេត្តបន្ទាយមានជ័យ នាងមានអាយុ២៤ឆ្នាំកម្ពស់១,៧០ម៉ែត្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនាគារ ។នាងត្រូវបានក្រុមហ៊ុនផលិតកម្មវិធី ផ្ទេរតំណែង ក្រោយក្រុមហ៊ុនបានបញ្ចប់រឿងចម្រូងចម្រាសជាមួយអតីតកញ្ញាឯក សេង រដ្ឋានិងក្រោយពីចំណាត់ថ្នាក់រងទី១កញ្ញា លឹម សុធាវី មិនទទួលយកឱកាសចេញទៅប្រកួត និងបោះបង់តំណែងមួយនេះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖