ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយហេតុការណ៍ផ្ទុះឆេះម៉ាស៊ីនយន្តហោះអាមេរិក​ ជប៉ុនស្នើអាកាសចរណ៍នានា ចៀសវាងការប្រើយន្តហោះ Boeing 777

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មាន CNA បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា​ រដ្ឋាភិបាលជប៉ុន​ បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ចៀសវាងការប្រើប្រាស់យន្ដហោះប្រភេទ Boeing 777 ដែលមានបំពាក់ម៉ាស៊ីនប្រភេទ ប្រាត អ៊ែន វីតនី ៤០០០ (Pratt & Whitney 4000) សម្រាប់ការចុះចត ឬហោះហើរក្នុងដែនអាកាសនៃប្រទេសរបស់ខ្លួន រហូតទាល់តែមានការជូនដំណឹងជាថ្មី។

បើតាមក្រុមហ៊ុនអាកាសចរណ៍ United Airlines បានប្រកាសថា​ ជើងហោះហើរលេខ ៣២៨ របស់ខ្លួនដែលមានគោលដៅធ្វើដំណើរ ចេញពីទីក្រុង Denver នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ឆ្ពោះទៅកាន់ទីក្រុង ហូណូលូលូ (Honolulu) នៃរដ្ឋ ហាវ៉ៃ (Hawaii) បានជួបបញ្ហាផ្នែកម៉ាស៉ីនយន្តហោះ ក្រោយហោះឡើងបានបន្តិច ហើយក៏បានបកត្រឡប់មកកាន់ទីក្រុង Denver វិញដោយសុវត្ថិភាព។

ជាក់ស្ដែង​កាលពីថ្ងៃអាទិត្យទី២១​ ខែកុម្ភៈ​ អាជ្ញាធរអាកាសចរណ៍ស៊ីវិលជប៉ុនខាងលើនេះ បានចុះផ្សាយចំពោះការសម្រេចចិត្តរបស់ខ្លួន​ ដោយបញ្ជាក់ថា​ បន្ទាប់ពីយន្ដហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានផ្ទុះឆេះម៉ាស៊ីនផ្នែកខាងស្តាំ និងបានចុះចតដោយជោគជ័យ នៅឯអាកាសយានដ្ឋានអន្តរជាតិ ឌែនវើ (Denver International Airport)។

ដោយឡែក​ជុំវិញករណីនេះដែរ​ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិងកំពុងបើកការស៊ើបអង្កេតមួយជុំវិញករណីនេះ ដោយផ្ដោតជាសំខាន់លើម៉ាស៊ីន Pratt & Whitney PW4000 ដែលមានបំពាក់លើយន្ដហោះ Boeing 777៕

ដោយ​៖ស​ តារា(​រូបភាព​៖យន្ដហោះ Boeing 777)


ចែករំលែក៖