ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនលន សុីធី ឡូតធឺសសុីថោន ក្រុងព្រះសីហនុ បានបោះទុនជាង១០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងសាងសង់បុរី លំនៅឋាន ក្នុងខេត្តព្រះសីហនុ បើទោះបីកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ជាសកលក្តី ដែលនេះជាការរួមចំណែកពីផ្នែកឯកជនក្នងការអភិវឌ្ឍលើវិស័យអចលទ្រព្យ ស្របពេលដែលវិសយ័នេះក្នុងប្រទេសកម្ពុជាយើង កំពុងមានការរីកចម្រើន ក្នុងនោះលំនៅឋានដូចជាវីឡា ខុនដូ បុរី ផ្ទះល្វែងបានឈានទៅរកភាពទំនើប និងស៊ីវិល័យតាមការរីកចម្រើនរបស់ប្រទេសជាតិ។
នៅព្រឹកថ្ងៃទី២២ ចែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនលន សុីធី ឡូតធឺសសុីថោន ក្រុងព្រះសីហនុដែលគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បុរី លំនៅឋាន ដែលមានទីតាំងក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចខាងលើចំណោតអូរត្រាវ ជាប់នឹងផ្លូវជាតិលេខ៤ ព្រំប្រទល់រវាងស្រុកព្រៃនប់និឹងក្រុងព្រះសីហនុ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ហើយក៏មានវត្តមានជាកិត្តិយសពីសំណាក់អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ព្រមទាំងវត្តមានលោក លោកស្រីតាមស្ថាប័នរដ្ឋនិងវិស័យឯកជនផងដែរ។
លោក តុល លន ស្ថាបនិកក្រុមហ៊ុនលន សុីធី ឡូតធឺសសុីថោន ក្រុងព្រះសីហនុ បានមានប្រសាសន៍ថា គម្រោងនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីជិត៦៦ ហិកតា ដែលមានការសាងសង់ជាលំនៅឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់លក់ជូនអតិថិជន និងសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយប្រេងឥន្ធនៈ អាហារដ្ឋាននិងកន្លែងហាត់ប្រាណជាដើម ក្រោមទុនវិនិយោគរហូតដល់ជាង ១០០លានដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុនក៏បានគោរពថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព បង្កឱកាសដល់ការវិនិយោគនិងការអភិវឌ្ឍប្រទេសជាតិ។
លោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន សុីធី ឡូតធឺសសុីថោន បានជម្រាបពីការសាងសង់នេះដែរថា ក្រុមហ៊ុននឹងសាងសង់នូវសំណង់លំនៅឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលធានាគុណភាពស្តង់ដារតាមបទដ្ឋានវិស្វកម្មនិងស្ថាបត្យកម្ម ជាមួយនិឹងសោភណភាព និងភាពសុីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោកកំពុងព្រួយបារម្ភចំពោះជំងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ស្របពេលដែលខេត្តនេះគឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវនិងសំណង់អគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សំបូរទៅដោយរមណីយដ្ឋានទេសចរណ៍ដើម្បីឱ្យភ្ញៀវមកទស្សនា លេងកម្សាន្ត។ ជាមួយនឹងការគាំទ្រ លើកទឹកចិត្តចំពោះដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន លន សុីធី ក្នុងខេត្តព្រះសីហនុ លោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំដល់ក្រុមហ៊ុនឲ្យយកចិត្តទុកដាក់អនុវត្តវិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមបច្ចេកទេសរបស់ក្រសួងសុខាភិបាលជាចាំបាច់នៅក្នុងការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងធ្វើឡើងនៅគ្រប់ទីកន្លែង៕
ដោយ៖ឆ្លាមសមុទ្រ