ភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានសរសេរសំណេរបង្ហោះនៅរសៀលថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖ ការដោះស្រាយវិវាទ គឺមានផ្លូវពីរសំខាន់ៗ គឺការដោះស្រាយតាមប្រព័ន្ធយុត្តាធិការ(តុលាការ) និងម្យ៉ាងទៀតតាមរយៈសន្ធានការីជួយផ្សះផ្សាសម្របសម្រួលដែលតាមការដោះស្រាយរបៀបនេះ មិនមានជំទាស់អ្វីជាមួយផ្លូវច្បាប់ទេ ហើយចំណេញទាំងលុយកាក់ និងពេលវេលា ជាពិសេសចំណេញបានមិត្តភាព និងភាពសុខសាន្តក្នុងសង្គម។ និយាយរួម វិធីនៃការដោះស្រាយទាំងពីរនេះល្អទាំងអស់អាស្រ័យលើការជ្រើសរើសរបស់អ្នកដែលមានវិវាទតែប៉ុណ្ណោះ ។
ប្រភពដដែល បន្តថា ដូចក្នុងករណីវិវាទរវាង លោក គឹម សាន និងភរិយា ជាមួយនឹងគូភាគីប្តីប្រពន្ធ យូ ធារ៉ា គឺដោយសារគូភាគីមានការហត់នឿយក្នុងការប្តឹងផ្តល់គ្នាតាមផ្លូវតុលាការ ដូច្នេះហើយទើបពួកគាត់ទាំង២សម្រេចជ្រើសរើសយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ដែលមានរូបខ្ញុំ ដួង តារា ជាអ្នកសម្របសម្រួល។ ជាលទ្ធផល គឺគូភាគីបានយល់ព្រមដោយស្ម័គ្រចិត្តស្រុះស្រួលគ្នាបញ្ចប់វិវាទជាស្ថាពរទាំងស្រុងដោយការពេញចិត្ត និងដោយមិនមានសម្ពាធអ្វីឡើយ ហើយក៏បានអង្គុយញាំបាយក្នុងភោជនីយដ្ឋានជាមួយគ្នាក្នុងលក្ខណៈមិត្តភាព ភាតរភាពជាគ្រួសារឡើងវិញ។ ខ្ញុំគិតថាលទ្ធផលវិជ្ជមាននេះ គឺនឹងផ្តល់នូវភាពសុខដុមរមនាក្នុងសង្គមដែលមនុស្សគ្រប់ៗគ្នាប្រាថ្នាចង់បាន។
ដោយឡែកកន្លងមកករណីនេះមានការចូលរួមជំនួយផ្នែកច្បាប់ទៅតាមផ្លូវតុលាការ ក៏សុទ្ធតែជាសកម្មភាពគួរឲ្យកោតសរសើរផងដែរ គ្រាន់តែសំណុំរឿងនោះនៅមិនទាន់បានបញ្ចប់ទាំងស្រុងព្រោះនីតិវិធីដោះស្រាយបណ្តឹងតាមផ្លូវតុលាការមានបែបបទ និងនីតិវិធីផ្លូវច្បាប់វែងឆ្ងាយ ហើយប្រើប្រាស់ពេលវេលាយូរផងដែរ។ ដូច្នេះជាចុងក្រោយនេះ ភាគីទាំង២ ពិតជាមានការនឿយហត់យ៉ាងខ្លាំងក្នុងការតតាំងក្តី ហើយក៏សម្រេចចិត្តមករកខ្ញុំឲ្យជួយសម្របសម្រួលដោះស្រាយវិវាទរបស់ពួកគាត់ក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ ហើយខ្ញុំក៏បានជួយដោះស្រាយបញ្ចប់វិវាទទាំងស្រុងកាលពីថ្ងៃទី ២០ កុម្ភះ ២០២១ កន្លងទៅនេះ។
លោក ដួង តារា បន្តទៀតថា ចំពោះលទ្ធផលដ៏ល្អប្រសើរនេះ ខ្ញុំសូមកោតសរសើរដោយស្មោះ ដល់មន្រ្តីពាក់ព័ន្ធគ្រប់ៗរូប ដែលបានចូលរួមចំណែកក្នុងការស្វះស្វែងរកយុត្តិធម៌ និងបញ្ចប់សំណុំរឿងនេះជាស្ថាពរ។
តើមានមូលហេតុអីបានជាបុគ្គលខ្លះបែរជាមិនពេញចិត្តហើយទៅជាក្តៅក្រហាយនឹងគូភាគីវិវាទខាងលើដែលពួកគាត់បានព្រមព្រៀងឈប់ឈ្លោះគ្នាទៅហើយនោះ? ចំពោះរូបខ្ញុំគឺសូមស្វាគមន៍ និងអរគុណដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាវិវាទនានាជូនប្រជាពលរដ្ឋ ទោះបីភាគីណាក៏ដោយ។ នេះជាដំណោះស្រាយឈ្នះឈ្នះរបស់សម្តេចតេជោ ដែលយើងគួររួមគ្នាដោះស្រាយដើម្បីជួយប្រជាពលរដ្ឋរបស់សម្តេចទាំងអស់គ្នា។
ជាចុងក្រោយ លោក សរសេរបន្ថែមថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ៖សហការី