ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កងពលតូចលេខ៧០ បានរៀបចំចាក់វ៉ាក់សាំងការពារកូវីដ–១៩ នៅទីបញ្ជាការកងពល ដែលមានអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជេីងគោកចំនួន៥អង្គភាពមានដូចជាកងពលតូចលេខ៧០, យោធភូមិភាគទី១, យោធភូមិភាគទី២, បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក, និងបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក។
ការចាក់វ៉ាក់សាំងនេះក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាតរដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ស៊ុំ សំណាងអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការនៅតាមបណ្តាអង្គភាពដែលពាក់ព័ន្ធដ៏ទៃទៀត ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងស៉ីណូហ្វាមនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។
មួយវិញទៀត ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោហ៊ុន សែន ដែលទទួលយកវ៉ាក់សាំងស៉ីណូហ្វាមនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិន៕
សូមបញ្ជាក់ថា ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់មេបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់កងពលតូចលេខ៧០ ចាក់វ៉ាក់សាំងស៉ីណូហ្វាម ប្រឆាំងជំងឺកូវីដ–១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន៕
ដោយ៖ សិលា