ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំប្រទេសកុងហ្គោ ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារទៅលើក្បួនរថយន្ត បណ្ដាលឲ្យស្លាប់​

ចែករំលែក៖

អន្តរជាតិ​៖ បេីយោង​តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៊ីតាលី​ បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ និងប៉ូលីសយោធាម្នាក់ដែលធ្វើដំណើរជាមួយគ្នា ត្រូវបានគេលួចបាញ់វាយប្រហារទៅលើក្បួនរថយន្ត នៃអង្គការសហប្រជាជាតិនៅភាគខាងកើតប្រទេស​ បណ្ដាលឲ្យស្លាប់​ទាំង​២នាក់។

ជាក់ស្ដែង​ទីភ្នាក់ងារ​សារព័ត៌មាន Arab News នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយរបស់ក្រសួងការបរទេសអ៊ីតាលី​ បានបញ្ជាក់ថា លោក Luca Attanasio ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ និងមន្ត្រីម្នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គោម៉ា(Goma) ខណៈដែលពួកគេកំពុងធ្វើដំណើរក្នុងក្បួនរថយន្តនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសកុងហ្គោ»។

ដោយឡែក​បេីយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី​ ក៏បានចុះផ្សាយដែរថា​ ការវាយប្រហារដោយខ្មាន់កាំភ្លេីងនេះ​ បានកើតឡើងនៅវេលាម៉ោងប្រហែល ១០ព្រឹក(ម៉ោងនៅអ៊ីតាលី) នៅជិតទីប្រជុំជន Kanyamahoro។ ហើយការវាយប្រហារនេះទៀតសោត គឺជាផ្នែកមួយនៃការប៉ុនប៉ងចាប់ជំរិត។

គួរបញ្ជាក់ថា​ នៅក្នុងហេតុការណ៍នោះដែរ​ភ្លាមៗ​ មិនទាន់មានព័ត៌មានលម្អិតណាច្បាស់​ ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក​ឯកអគ្គរដ្ឋទូតនេះនៅឡើយទេ៕ដោយ​៖ស​ តារា​

រូបភាព​៖ឯកសារ​ លោក Luca Attanasio ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ ការនៅរស់

រូបភាព​៖លោក Luca Attanasio ពេលត្រូវ​គេបាញ់សម្លាប់


ចែករំលែក៖