ព័ត៌មានទាន់ហេតុការណ៍៖

តួប្រុសពិសិដ្ឋ រឿង រសជាតិជីវិត បង្ហាញមុខក្នុងភាពយន្តអប់រំខ្លីដ៏រំជួលចិត្តមួយបន្ទាប់ពីបាត់មុខជាច្រើនឆ្នាំ

ចែករំលែក៖

       ភ្នំពេញ៖ វីដេអូអប់រំខ្លី នៃភាពយន្តជីវិតបែបអប់រំខ្លីមួយត្រូវបានផលិតកម្ម Chentra Sara Entertainment បាន បញ្ចេញកាលពីពេលថ្មីៗនេះគឺរឿង”អូនសុំលែងលះ” ។ កាន់តែភ្ញាក់ផ្អើលគឺក្រោយពីគេបានឃើញវត្តមានតារាសម្តែងល្បីឈ្មោះ លោក សារ៉ា ចិត្រា ដែលជាតួប្រុសល្បីឈ្មោះក្នុងភាពយន្តរឿង” រស់ជាតិជីវិត”បានលេចមុខជាថ្មីក្នុងការសម្តែងភាពយន្ត ក្រោយពីតារារូបនេះបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។

គេនៅចាំបានថាក្នុងអំឡុងឆ្នាំ២០០៤ ភាពយន្តអប់រំរឿង”រសជាតិជីវិត”ដែលបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ មានភាពល្បីល្បាញខ្លាំងពីគ្រប់ស្រទាប់មហាជន។ គេនៅចាំបានដែរថាតួអង្គសំខាន់ឈ្មោះពិសិដ្ឋ ដែលគ្រានោះលោកបានធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកអាណិតជាខ្លាំង។ ក្រោយបញ្ចប់ការថតភាពយន្តខាងលើលោកក៏ទទួលបានឱកាសការងារជាច្រើនបន្តបន្ទាប់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានបាត់មុខលើវិស័យផ្នែកសម្តែង ដែលទើបតែថ្មីៗនេះលោកបានធ្វើឲ្យគេភ្ញាក់ផ្អើលដែលមិនត្រឹមតែបង្ហាញវត្តមានជាថ្មីទេ សូម្បីតែអត្តចរិកបុគ្គលិកលក្ខណៈរបស់លោកក៏មិនមានការប្រែប្រួលផងដែរពោលគឺលោកនៅតែរក្សាការសម្តែងជាតួអង្គបែបកោងកាចដដែល។ ភាពយន្តខ្លីបែបអប់រំបង្កប់ដោយអត្ថន័យស៊ីជម្រៅជុំវិញសុភមង្គលក្នុងគ្រួសារនេះ បានឆ្លុះបញ្ចាំងពីតថភាពសង្គម ពិសេសលើចំណងស្នេហាប្តីប្រពន្ធត្រូវបែកគ្នាតែភាពស្មោះត្រង់ ការប្រើប្រាស់ហិង្សាលើផ្លូវកាយ និងផ្លូវចិត្ត និងប្តីមានស្រីញីខាងក្រៅទុកថាជារឿងធម្មតានោះ។ ភាពយន្តនេះបានចាក់ចំបេះដូងទស្សនិកជន និងបានបណ្តុះនូវស្មារតីអប់រំលើជីវិតស្នេហាប្តីប្រពន្ធ ដែលសង្គមបច្ចុប្បន្នកំពុងតែប្រឈម។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាសម្តែង រូបនេះបានបញ្ជាក់ថា លោកមិនបានចាកចេញឆ្ងាយពីការងារសិល្បៈឡើយពោលគឺលោកបានបំពេញការងារជាតារាសម្តែងផង ដឹកនាំសម្តែង និងនិពន្ធផងដែរ ហើយភាពយន្តខាងលើក៏មិនមែនជាលើកដំបូងដែរដែលលោកបានសម្តែង និងបង្ហាញសមត្ថភាពក្នុងការដឹកនាំផលិត។

លេចចេញសារសាទរជាច្រើនជុំវិញការបង្ហាញស្នាដៃ និងវត្តមានជាថ្មីក្នុងវិស័យសិល្បៈ បើទើបជាស្នាដៃថ្មីមួយចំនួនមិនទាន់ផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែវាបានធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តនឹងស្នាដៃដែលប្រកបដោយគុណភាព និងបង្កប់ដោយខ្លឹមសារអប់រំសង្គមស៊ីជម្រៅនោះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖