ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយមេបញ្ជាការ បណ្តាអង្គភាពចំណុះដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អញ្ជើញចុះសួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយវិធានការចាំបាច់មួយចំនួន ដល់កម្លាំងបន្តយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យ ឲ្យបានហ្មត់ចត់បំផុតធានាបាននូវសុវត្ថិភាព នៃការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍។
លោកមេបញ្ជាការ កងពលបានបញ្ជាក់ថា ដោយមានការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ,បទបញ្ជាមេបញ្ជាការកងទ័ពជើងគោក ,យោធភូមិភាគទី៥ កងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ បានចល័តមកឈរជើងនៅតាមបន្ទាត់ព្រំដែន សហការជាមួយកម្លាំងចម្រុះ ចាប់តាំងពីខែឆ្នូ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ។
ដើម្បីឆ្លើយតបនឹងសំណូមពរកម្លាំងជួរមុខ លោកមេបញ្ជាការកងពល បានជួយឧបត្ថម្ភសម្ភារមួយចំនួនសម្រាប់ការស្នាក់នៅបណ្តាះអាសន្នតាមបណ្តាគោលដៅបន្ទាត់ព្រំដែន ដើម្បីធានាបាននៅរដូវភ្លៀវខាងមុខ គ្រប់បណ្តាគោលដៅបានទទួលនូវកៅស៊ូតង់ កូនឈើសម្រាប់ធ្វើរោងស្នាក់នៅ និងកន្លែងដាំបាយ ហូបបាយរួមគ្រប់គោលដៅ។
ឆ្លៀតឱកាសនោះដែរ លោកឧត្តមសេនីយ៍ បាននាំយកបន្លែចម្រុះ ត្រី សាច់ ផ្អក ប្រហុក ចែកជូនគ្រប់បណ្តាគោលដៅ និងបានក្រើនរំឭកយោធិន ត្រូវរក្សាអនាម័យស្អាតជានិច្ចក្នុងការរស់នៅប្រចាំថ្ងៃ និងបន្តអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។
ពិសេសសូមគោរពអនុវត្តឲ្យខានតែបាន នូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវ វិធានការ ៣ការពារ និង៣កុំ៕
ដោយ៖ សូរិយា