ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជនពិការដោយសារសង្គ្រាមម្នាក់ទៀតហើយ បានទទួលផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖ អតីតយុទ្ធជនពិការដោយសារសង្គ្រាម មានសមាជិកគ្រួសារក្នុងបន្ទុកចំនួន៧នាក់ ដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅឃុំចើងដើងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលផ្ទះទី១៨៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាផ្ទះថ្មីជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ ឯកឧត្តម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ាវិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំពតផត ដែលទើបសាងសង់រួចប្រគល់ជូនអតីតយុទ្ធជនពិការនៅពេលនេះគឺជាខ្នងផ្ទះទី១៨៥ ដែលមានទំហំ៤ម៉ែត្រគុណនឹង៦ ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ដែលបានសាងសង់ដោយក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវីត-១៩ ដែលកំពុងឆ្លងចូលសហគមន៍ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញ ដោយត្រូវអនុវត្តនូវវិធានការ ៣ការពារ និងវិធានការ៣កុំ របស់សម្ដេចតេជោហ៊ុនសែន ។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយរបស់ លោក ហ៊ុនម៉ាណែត និងលោកស្រី ផ្ដល់ជូនគាត់បន្ថែមទៀត រួមមានគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនផងដែរ។

សូមបញ្ជាក់ថាផ្ទះថ្មីនេះ ត្រូវបានប្រគល់ជូនអតីតយុទ្ធជនឈ្មោះ តាញ សាំង មានភរិយាឈ្មោះ ប៊ុន ចាន់ធី អាយុ៥៦ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៤នាក់ និងចៅកំព្រាមួយនាក់ផងដែរ បច្ចុប្បន្នរស់នៅភូមិប្រនាគ ឃុំចើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖