ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងនិងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងអង្គភាពពាក់ព័ន្ធ។

សេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីយន្តការ វិធាន និងនីតិវិធីនៃការទទួលស្គាល់ ការលើកទឹកចិត្ត ការសម្របសម្រួល និងការបណ្តុះបណ្តាលលើផ្នែកធុរកិច្ចថ្មីឌីជីថល ដើម្បីជំរុញសហគ្រិនភាពនិងនវានុវត្តន៍លើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សំដៅជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីឌីជីថល រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

សេចក្តីព្រាងអនុក្រឹត្យនេះបានកំណត់សមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការគ្រប់គ្រង សម្របសម្រួល និងជំរុញធុរកិច្ចថ្មីឌីជីថលនិងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។ ចំណែកក្រសួងនិងស្ថាប័នពាក់ព័ន្ធនានាក៏អាចចូលរួមធ្វើការលើកទឹកចិត្ត ការសម្របសម្រួល និងការបណ្តុះបណ្តាលលើផ្នែកធុរកិច្ចថ្មីឌីជីថលបានដែរ។ សេចក្តីព្រាងនេះក៏នឹងលើកទឹកចិត្តឱ្យបុគ្គលដែលមានបំណងស្នើសុំការទទួលស្គាល់ធុរកិច្ចថ្មីឌីជីថលដាក់ពាក្យស្នើមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមិនមានការបង់កម្រៃសេវាណាមួយទេ ហើយក៏នឹងអាចទទួលបានការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងការគាំទ្របច្ចេកទេសពីក្រសួងផងដែរ។

សេចក្តីព្រាងអនុក្រឹត្យនេះនឹងលើកទឹកចិត្តឱ្យធុរកិច្ចថ្មីឌីជីថលដែលមានសក្តានុពលអាជីវកម្ម បន្តទៅចុះបញ្ជីពាណិជ្ជកម្មនិងបំពេញកាតព្វកិច្ចនានាស្របតាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបន្តដំណើរការនិងពង្រីកអាជីវកម្មតទៅទៀត។

លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈសេចក្តីព្រាងអនុក្រឹត្យនេះ ធុរកិច្ចថ្មីឌីជីថលដែលត្រូវបង្កើត នឹងជួយជំរុញការអភិវឌ្ឍសហគ្រិនភាព និងនវានុវត្តន៍ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដោយជោគជ័យនៅកម្ពុជា៕

ដោយ៖ សិលា


ចែករំលែក៖