ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមម៉ូតូប្រណាំង MotoGP លោក Gresini បានទទួលមរណភាពដោយសារកូវីដ-១៩ក្នុងវ័យ៦០ឆ្នាំ

ចែករំលែក៖

ក្រុមប្រណាំងម៉ូតូ MotoGP បានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈថា អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី លោក Fausto Gresini ដែលជាម្ចាស់ជើងឯកពិភពលោកក្នុងកម្លាំងម៉ាស៊ីន១២៥សេសេ និងជាម្ចាស់ក្រុមប្រណាំងម៉ូតូបានទទួលមរណភាពដោយសារជំងឺនេះមានវ័យ៦០ឆ្នាំ។ លោក Gresini ត្រូវបានក្រុមប្រណាំង MotoGP ប្រកាសនៅលើធ្វីតទ័រថា “ព័ត៌មានដែលយើងមិនអាចទទួលយកបាន ជាអកុសលយើងត្រូវបានបង្ខំឱ្យចែករំលែកជាមួយអ្នកទាំងអស់គ្នានូវទុក្ខសោកយ៉ាងក្រៀមក្រំចំពោះការស្លាប់របស់គាត់។ បន្ទាប់ពីការព្យាបាលអស់រយៈពេលជិត២ខែជាមួយនឹងជំងឺកូវីដ-១៩ លោក Fausto Gresini បានទទួលមរណភាពដោយគាត់មានអាយុ៦០ឆ្នាំ” ។ លោក Gresini បានឈ្នះជើងឯកប្រណាំងម៉ូតូកម្លាំងមាស៊ីន១២៥ សេសេកាលពីឆ្នាំ១៩៨៥ និង ១៩៨៧ ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែធ្នូដំបូងនៅតំបន់ Imola ហើយបន្ទាប់មកនៅមន្ទីរពេទ្យ Bologna’s Maggiore ដោយទទួលរងពីការដកដង្ហើមថប់ៗ បន្ទាប់ពីឆ្លងវីរុសកូវីដ-១៩នៅថ្ងៃឈប់សម្រាកបុណ្យណូអែល។ គួររំលឹកថា កើតក្នុងឆ្នាំ១៩៦១ លោក Fausto Gresini បានចូលរួមប្រកួតក្នុងវិញ្ញាសាប្រណាំងម៉ូតូកម្លាំងម៉ាស៊ីន១២៥សេសេនៅចន្លោះឆ្នាំ១៩៨៣ និងឆ្នាំ១៩៩៤ ដោយបានឈ្នះពានរង្វាន់ធំៗចំនួន២១ ក្នុងការប្រណាំងចំនួន១៣៣ ដោយបានបញ្ចប់តំណែងជាជើងឯករង៣ដងផងដែរ។ បន្ទាប់ពីចូលនិវត្តន៍លោក Fausto Gresini បានបង្កើតក្រុមផ្ទាល់ខ្លួនរបស់លោក MotoGP ដែលប្រកួតប្រជែងនៅក្នុងការប្រណាំងនៅអ៊ីតាលីក្នុងចំណោមក្រុមផ្សេងៗទៀតរហូតដល់បច្ចុប្បន្ន ៕

ដោយ៖ភារៈ


ចែករំលែក៖