ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសអង់គ្លេស បានថយចុះដល់ទៅ៧៨% ហើយរដ្ឋាភិបាលប្រទេសនេះបានសម្រេចលុបការប្រកាសអាសន្នទប់ស្កាត់កូវីដ-១៩ ដែលបានអនុម័តតាំងពីខែមករាឆ្នាំ២០២១។ ជាមួយគ្នានេះ ប្រទេសម៉ិចស៊ីកូក៏បានសម្រេចដូចគ្នានោះដែរ ក្រោយពីមានអ្នកឆ្លងធ្លាក់ចុះ។
នេះជាលើកទីមួយហើយដែលអង់គ្លេសបន្ថយការរឹតត្បិតកូវីដ-១៩ ក្រោយពីពលរដ្ឋអ្នកចូលពេទ្យ អ្នកឆ្លង អ្នកស្លាប់បានធ្លាក់ចុះជាបន្តបន្ទាប់។
ក្រសួងសុខាភិបាលអង់គ្លេស បានប្រកាសថា «ក្រោយការសម្រេចពី មជ្ឃមណ្ឌលជីវសាស្ត្រ និង អគ្គនាយកសុខាភិបាលទាំង៤រូប របស់ចក្រភពអង់គ្លេស បានសម្រេចបន្ថយការប្រកាសអាសន្នពីកម្រិតទី៥មកនៅត្រឹមទី៤ប៉ុណ្ណោះនៅក្នុងតំបន់ចំនួន៤ ក្នុងនោះមាន អង់គ្លេស ស្កុតឡែន វែល និងអៀរឡង់ខាងជើង ។
នៅពេលនេះ អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេសបានថយចុះដល់ទៅ៧៨% ក្នុងរយៈពេល ៦សប្តាហ៍កន្លងមក ចាប់តាំងពីអង់គ្លេសបិទប្រទេសនៅថ្ងៃទី៤ខែមករា ។ ចាប់ពីថ្ងៃទី១១ខែកុម្ភៈ ដល់ថ្ងៃទី ១៧ខែកុម្ភៈ ទូទំាងប្រទេសមានអ្នកឆ្លងចំនួន៨៤.៣១០នាក់ ដែលជាចំនួនឆ្លងក្នុងមួយសប្តាហ៍ទាបបំផុត មិនធ្លាប់មានចាប់តាំងពីខែកញ្ញាឆ្នាំ២០២០។
អង់គ្លេសជាប្រទេសដែលមានអ្នកស្លាប់ខ្ពស់បំផុតដោយកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុប គឺមានអ្នកស្លាប់ដល់ទៅ ១២០ ពាន់នាក់ ។ មកទល់ពេលនេះអង់គ្លេសបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១៩ លាននាក់ហើយ ក្នុងដំណាក់កាលទីមួយ។ ចំណែកពលរដ្ឋដែលបានចាក់គ្រប់ពីរលើកមានជាង ៦៤២ពាន់នាក់ ។
ជាមួយគ្នានេះដែរ ប្រទេសម៉ិចស៊ីកូ ដែលជាប្រទេសមានករណីឆ្លងខ្ពស់ ពេលនេះក៏បានកាត់បន្ថយការរឹតត្បិតផងដែរ ។ តាមការប្រកាសពីរដ្ឋាភិបាលម៉ិចស៊ីកូ ទីតាំងនានាដូចជា ព្រះវិហារ ភោជនីយដ្ឋាន …អនុញ្ញាតឲ្យបើកទ្វារឡើងវិញ។
ដោយឡែកប្រទេសប៉ាគីស្ថាន បានសម្រេចអនុញ្ញាតឲ្យសិស្សចូលរៀនវិញនៅថ្ងៃទី១ខែមីនា ក្រោយការឆ្លងកូវីដ -១៩ នៅក្នុងប្រទេសនេះធ្លាក់ចុះ ។ ប៉ាគីស្ថានបានបិទសាលារៀនកាលពីខែវិច្ឆិកាឆ្នាំ២០២០ ដោយចំនួនអ្នកឆ្លងកូវីដ ១៩ កើនឡើងខ្ពស់។ តែនៅពេលនេះស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង។ ក្រៅពីនេះ រដ្ឋាភិបាលប៉ាគីស្ថាន បានអនុញ្ញាតឲ្យបើករោងភាពយន្ត ភោជនីយដ្ឋាន … ចំណែកពិធីរៀបមង្គលការនឹងចាប់ផ្តើមនៅថ្ងៃទី ១៥ខែមីនា។ជាមួយគ្នានេះក៏មានប្រទេសជាច្រើនទៀត ក៏បាន កាត់បន្ថយការរឹតត្បិត និងបើកដំណើរការទីតាំងនានាឡើងវិញ ផងដែរ ៕ ដោយ៖ធីរីណា
រូបភាព៖AP