ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចម្រៀងស្រីម្នាក់ត្រូវគេព្រួតវាយបែកភ្នែក ២ថ្ងៃហើយនៅមិនទាន់ចាប់ជនសង្ស័យបាន

ចែករំលែក៖

     ខេត្តកំពង់ស្ពឺ៖​ អ្នកចម្រៀងស្រីឈ្មោះ កង ឧស្សា ស្នាក់នៅទីរួមខេត្តកំពង់ស្ពឺត្រូវបានជនមួយក្រុមមានប្រុសមានស្រីព្រួតគ្នាវាយរហូតបែកភ្នែកបែកមុខមាត់មើលទៅគួរឲ្យសង្វេក។ ករណីដែលបានកើតមានឡើងនៅអាហាដ្ឋានយីយោហេងហេងនៅទីរួមខេត្តកំពង់ស្ពឺនេះគឺកើតឡើងកាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ ហើយពេលនេះសមត្ថិកិច្ចនៅមិនទាន់អាចចាប់ជនសង្ស័យបាននៅឡើយទេបើទោះបីជាស្គាល់មុខជនសង្ស័យហើយក៏ដោយ។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា ថ្ងៃកើតហេតុខាងលើនាងនិងប្អូនស្រី រួមទាំងមិត្តភកិ្ដ នាក់ផ្សេងទៀតបានចូលទៅទទួលទានអាហារនៅហាងខាងលើនាតំបន់ផ្សាររាត្រីខេត្តកំពង់ស្ពឺ ដែលមានក្រុមនាងមួយតុ និងក្រុមមួយផ្សេងទៀតប្រមាណ៥ទៅ៦នាក់ដែរ។ នាងថា ដោយសារពីមុនប្អូនស្រីនាង និងនារីម្នាក់ក្នុងក្រុមផ្សេងនោះធ្លាប់មានទំនាស់នឹងគ្នាទើបលេចចេញការដៀមដាមផ្លែផ្កាពីសំណាក់ក្រុមម្ខាងទៀតរហូតក្រុមនោះគប់កែវក្នុងហាងអស់៣ទៅ៤ដង ប៉ុន្តែនាងមិនចង់តបតព្រោះតែមិនចង់មានរឿង ។ នាង រៀបរាប់ទាំងអួលដើមករ ថាដោយអត់ទ្រាំនឹងការជេរប្រមាថដៀមដាមកាន់តែខ្លាំងនាងក៏គប់កែវមួយចោលរហូតមានបុរស និងនារីដែលនៅភាគីម្ខាងទៀតបានស្ទុះមកវាយនាងរហូតដល់បែកមុខបែកមាត់ និងត្រូវត្រង់ភ្នែកជាដំណំ ហើយប្អូននាងក៏ត្រូវក្រុមម្ខាងទៀតវាយរហូតរបួសដៃផងដែរ។ នាងថាក្រោយពេលកើតហេតុក្រុមម្ខាងទៀតនោះបានចាកចេញពីកន្លែងកើតហេតុ ខណៈបុរស ដែលបានវាយមកលើនាងបានរត់គេចខ្លួនបាត់។ តារាចម្រៀងវ័យ៣២ ឆ្នាំរូបនេះបញ្ជាក់ដែរថា ក្រោយសមត្ថិកិច្ចមកដល់កន្លែងកើតហេតុនិងសាកសួរក៏បានស្គាល់មុខសញ្ញា ដែរប៉ុន្តែនៅមិនទាន់អាចស្វែងរកជនបង្កមកដាក់ទោសបាននៅឡើយទេ។ នាងថានាងចង់បានយុត្តិធម៌ព្រោះតែពេលនេះនាងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ភ្នែករបស់នាងនៅតែហូរឈាមបើទោះបីជាបានជួបគ្រូពេទ្យ និងឲ្យបន្តតាមដាន ដែលនាងបារម្ភខ្លាំង ខណៈដែលការងារច្រៀងតាមកម្មវិធីផ្សេងក៏នាងខកខានរកប្រាក់ចំណូលផងដែរ។

គួរបញ្ជាក់ដែរថា កង ឧស្សាគឺជាតារាចម្រៀងនិយមការច្រៀងបទចម្រៀង Cover និងច្រៀងតាមឆាកតន្ត្រីនានាក្នុងកម្មវិធីតាំងពិពរណ៍នោះជាដើម។ អ្វីដែលនាងចង់បានគឺស្នើសុំឲ្យសមត្ថកិច្ចបើកការស្រាវជ្រាយយ៉ាងដិតដល់ដើម្បីស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖