ភ្នំពេញ៖ ដើម្បីអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិក្រុមវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារ ជាតិ បានបន្តចាក់វ៉ាក់សាំង (sinopharm)ជូនចំពោះ ថ្នាក់ដឹកនាំ ក្នុងវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទព្រមទាំងសិក្ខាកាមសរុបប្រមាណជា៥០០នាក់ ដែលពិធីនេះបានធ្វើឡើងនៅក្នុងវិទ្យាស្ថាន ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតក្រោមការត្រួតពិនិត្យរបស់ ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយក វិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ។
សូមបញ្ជាក់ថា ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងមន្ទីរពេទ្យកេតុមាលា និងចាក់នៅតាមបណ្តាអង្គភាពសំខាន់ៗចាក់ជូនថ្នាក់ដឹកនាំក្រសួងការពារ ជាតិ អគ្គមេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ជាបន្តបន្ទាប់។
ដោយឡែកវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទបានធ្វើការចាក់ជូនលើកទី១ ចំពោះថ្នាក់ដឹកនាំបុគ្គលិកនិងសិក្ខាកាមនៅថ្ងៃទី២៦ ខែកុម្ភៈ នេះប្រមាណជា៥០០នាក់ ។ដូច្នេះសូមយោធិនគ្រប់រូបត្រូវចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ដោយបានធ្វើឡើងទៅតាមគោល ការណ៍ស្ម័គ្រចិត្ត និងស្របតាមលក្ខខណ្ឌនៃការទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។
លោក នឹម មាលា នាយកវិទ្យាស្ថាន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវតែអនុវត្តវិធានការការពារដោយលាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសឡើយ៕
ដោយ៖សូរិយា