ប៉ូលិសមីយ៉ាន់ម៉ា បានបំផ្ទុះអាវុធ ទៅលើក្រុមបាតុករ នៅទីក្រុង Yangon កាលពីថ្ងៃទី២៨ខែកុម្ភៈ ក្រោយការគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ។
អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងថា យ៉ាងហោចណាស់ក៏មានបាតុករ១៨នាក់ស្លាប់នៅក្នុងការធ្វើបាតុកម្មនៅមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈដល់ថ្ងៃទី ១ខែមីនាឆ្នាំ២០២១។ អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់ទៅលើក្រុមបាតុករនៅក្នុងទីក្រុងជាច្រើន ពិសេសគឺទីក្រុងYangonកាលពីថ្ងៃទី២៨ខែកុម្ភៈ។ ក្រុមបាតុករ បានពាក់មួកការពារ និងរបាំងការពារ ទប់ស្កាត់ការវាយប្រហារពីកម្លាំងសន្តិសុខ។
តាមសារព័ត៌មាន Global New Light របស់មីយ៉ាន់ម៉ាស្និទ្ធនិឹងយោធា បានផ្សាយថា «សកម្មភាពតឹងតែង នឹងត្រូវអនុវត្តទៅលើក្រុមបាតុករហិង្សា ។ កម្លាំងទាហាន បានរក្សាការអត់ធ្មត់ ប៉ុន្តែមិនអាចលើកលែងដល់ក្រុមជ្រុលនិយមបង្កអសន្តិសុខឡើយ»។
តាមការិយាល័យរបស់អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងថា មានមនុស្ស១៨នាក់ស្លាប់ និងជាង៣០នាក់រងរបួស ដោយការបង្ក្រាបពីកម្លាំងប៉ូលិសមីយ៉ាន់ម៉ា ។ អង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិមានសកម្មភាពដើម្បីជួយបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។
មីយ៉ាន់ម៉ាធ្លាក់នៅក្នុងស្ថានភាព វិវាទនយោបាយកាន់តែខ្លាំង ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ហើយចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី និង មន្ត្រីជាន់ខ្ពស់ នៃគណបក្សកាន់អំណាច ដោយចោទប្រកាន់ថាបន្លំក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំ២០២០៕ ដោយ៖ធី រីណា
រូបភាព៖ Reuters