ព័ត៌មានទាន់ហេតុការណ៍៖

«វីរបុរស» រត់ទៅទ្រក្មេងស្រីធ្លាក់ពីលើអគារកម្ពស់១៣ជាន់នៅទីក្រុងហាណូយ(មានវីដេអូ)

ចែករំលែក៖

បុរសអាយុ៣១ឆ្នាំឈ្មោះ ង្វៀង ង៉ុកម៉ាញ កំពុងតែល្បីពេញបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងប្រទេសវៀតណាម ដោយសារតែលោកបានជួយសង្គ្រោះក្មេងស្រីអាយុ៣ឆ្នាំឱ្យរួចផុតពីក្តីស្លាប់ ដោយធ្លាក់ពីលើអគារខុនដូពីជាន់ទី១២Aមក។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៦និង២៨នាទីនៅអគារខុនដូលេខ៦០B ក្នុងរដ្ឋធានីហាណូយ ។ ក្មេងស្រី អាយុ៣ឆ្នាំត្រូវបានគេមើលឃើញជិតធ្លាក់ចុះដល់ដី ហើយមនុស្សដែលបានមើលឃើញបានស្រែកហៅឲ្យជួយ។ នៅពេលនោះលោក ង៉ុកម៉ាញ ដែលជាអ្នកបើករថយន្តដឹកទំនិញស៊ីឈ្នួលមើលឃើញក៏ស្ទុះឡើងទៅដំបូល ខាងមុខនៅជាន់ក្រោម ដើម្បីទ្រក្មេងស្រី។ អ្នកជិតខាងក៏បានបញ្ជូនក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់ ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រីមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ គ្រាន់តែបាក់ដៃ និងជើងប៉ុណ្ណោះ អាចនិឹងជាសះស្បើយវិញ ។
ក្រោយការជួយក្មេងស្រីរួច បុរសរូបនោះក៏បានទៅបំពេញការងាររបស់ខ្លួនជាបន្តទៀត ដោយមិនបានទុកទូរស័ព្ទសម្រាប់ទំនាក់ទំនងនោះឡើយ។ បុរសដែលជួយសង្គ្រោះ បានលើកឡើងថា នៅពេលនេះគាត់មានអារម្មណ៍ថាដូចជាកូនរបស់ខ្លួន ដោយមានអាយុប្រហាក់ប្រហែលកូនរបស់ខ្លួនដែរ។
ក្រោយជួយសង្គ្រោះរួចរាល់ ឪពុកម្តាយបានព្យាយាមស្វែងរកលេខទូរស័ព្ទទំនាក់ទំនងថ្លែងអំណរគុណ ហើយទីបំផុតក៏បានរកឃើញ។
តាមរូបមន្តគណនានៃរូបវិទ្យា ក្មេងស្រីមានទម្ងន់១៤គីឡូក្រាម ហើយធ្លាក់ដោយសេរីពីកម្ពស់៣៦ម៉ែត្រ ពេលមកដល់ក្រោមគឺមានទម្ងន់ដល់ទៅ៥០០ គីឡូក្រាម។ ដូច្នេះបុរសវ័យ៣១ឆ្នាំ គឺបានទ្រទម្ងន់ដល់ទៅ៥០០គីឡូក្រាម។
នៅពេលនេះដែរ អភិបាលរដ្ឋធានីហាណូយ បានផ្ញើលិខិតសរសេីរដល់ចិត្តក្លាហាននិងមនុស្សធម៌របស់បុរសខាងលើដែលបានជួយក្មេងស្រី ហើយមិនបានគិតដល់ការសងគុណវិញឡើយ។
បុរសដែលជួយក្មេងស្រី បានក្លាយជាមនុស្សល្បីបំផុតនៅពេលនេះដោយប្រព័ន្ធផ្សព្វផ្សាយនានា បានផ្សព្វផ្សាយពាសពេញ សូម្បីតែអភិបាលក្រុងក៏សរសេីរផងដែរ៕ ដោយ៖ធីរីណា

រូបភាព៖ VTC


ចែករំលែក៖