ព័ត៌មានទាន់ហេតុការណ៍៖

ព្រុយណេ បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ាន ដែលមានតួលេខកើនលើការលក់រថយន្ត

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាមរបាយការណ៍របស់សហព័ន្ធយានយន្តអាស៊ាន (AAF)​ បានបញ្ជាក់ថា​ ព្រុយណេ បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ាន ដែលមានតួលេខកើនលើការលក់រថយន្តចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។​

ប៉ុន្តែ​របាយការណ៍ AAF បានបង្ហាញពីការធ្លាក់ចុះទីផ្សារយានយន្តនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល ដោយសារតែការរឹតត្បឹតការធ្វើដំណើរក្នុងបរិបទកូវីដ-១៩ និងក្រោមហេតុផលហិរញ្ញវត្ថុ ខណៈព្រុយណេ ជាប្រទេសដ៏កម្រមួយដែលមានអត្រាកំណើន។

ជាក់ស្ដែង​របាយការណ៍ AAF បានអះអាងថា​ នារយៈពេល១១ខែឆ្នាំ២០២០ ព្រុយណេលក់រថយន្តបាន១២.៥០៥គ្រឿង ពោលគឺកើន១៤,២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ប៉ុន្តែ​របាយការណ៍ដដែល​ មិនបានបង្ហាញតួលេខដែលព្រុយណេលក់រថយន្តបាននាអំឡុងខែធ្នូនោះឡើយ ប៉ុន្តែបើគិតជាភាគរយរួម ព្រុយណេនៅតែមានកំណើនទីផ្សារ៥ភាគរយ។

សូមជម្រាបថា​ របាយការណ៍ AAF បានបង្ហាញពីតួលេខធ្លាក់ចុះនៃការលក់រថយន្តនៅសមាជិកអាស៊ានផ្សេងទៀត ដែលក្នុងនោះ ឥណ្ឌូនេស៊ី ធ្លាក់ ជាង៤៨ភាគរយ, ម៉ាឡេស៊ីធ្លាក់ ១៣,៥ភាគរយ, មីយ៉ាន់ម៉ាធ្លាក់ជាង១៩ភាគរយ, ហ្វុីលីពីនធ្លាក់៣៩,៥ភាគរយ, សិង្ហបុរីធ្លាក់ជាង៣៧,៥ភាគរយ, ថៃធ្លាក់ជិត២១,៥ភាគរយ និងវៀតណាមធ្លាក់៨ភាគរយ។

 គួរបញ្ជាក់ថា​ បើប្រៀបធៀបរយៈពេលចន្លោះខែមករា ដល់ខែវិច្ឆិកា  កាលពីឆ្នាំ២០១៩ ការលក់រថយន្តអាស៊ីអាគ្នេយ៍ ធ្លាក់ចុះ២៩ភាគរយ ពោលគឺពីជាង៣,៤៦លានគ្រឿង មកត្រឹម២,៤៥លានគ្រឿង។​ រីឯតួលេខនៃការផលិតឯណោះវិញ AAF មានទិន្នន័យតែពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា, ហ្វុីលីពីន ,ថៃ និងវៀតណាមប៉ុណ្ណោះ ដោយជារួមមានការធ្លាក់ចុះ៣១,១ភាគរយ ដោយធ្លាក់ពីជាង២,១លានគ្រឿងនៅឆ្នាំ២០១៩ មកត្រឹមជាង២,៨លានគ្រឿងនៅឆ្នាំ២០២០៕

ដោយ​៖ស​ តារា​(រូបភាព៖AFP


ចែករំលែក៖