ព័ត៌មានទាន់ហេតុការណ៍៖

សាកសពក្រុមឧក្រិដ្ឋជនទាំង៤នាក់ដែលរៀបគម្រោងប្លន់ហើយត្រូវកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបាញ់សម្លាប់កាលពីម្សិលមិញនៅក្នុងបុរីអង្គរភ្នំពេញខណ្ឌសែនសុខត្រូវបានយកមកតម្កល់ទុកនៅវត្តទឹកថ្លា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងចំណោមសាកសពជនសង្ស័យទាំង៤នាក់ សពជនសង្ស័យម្នាក់ឈ្មោះ រី ពិសីត្រូវបានក្រុមគ្រួសារមកទទួលយកធ្វើបុណ្យតាមប្រពៃណីក្នុងវត្តទឹកថ្លាហើយ ។ ដោយឡែក សពជនសង្ស័យ៣នាក់ទៀតក្នុងនោះមានម្នាក់ដែលជាមេខ្លោងឈ្មោះ អុឹម សុវណ្ណារិទ្ធ ពុំត្រូវបានក្រុមគ្រួសារមកទទួលធ្វើបុណ្យនោះទេ ប្រហែលជាអាចខ្លាចប៉ះពាល់ដល់កិត្តិយសរបស់ក្រុមគ្រួសារ។

គួរបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីពេញ បង្ក្រាបដោយបាញ់ស្លាប់ កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែ មិីនា ឆ្នាំ២០២១ ហើយបាញ់ត្រូវស្ទើរសុសសាច់ដេកស្លាប់ក្នុងថ្លុកឈាមក្នុងបរិវេណវិីឡាលេខ២០បុរីអង្គរភ្នំពេញក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មានឱ្យដឹងថា មេខ្លោងក្រុមចាប់ជំរិតនោះ ១.ឈ្មោះអុឹម សុណ្ណារិទ្ធ អាយុ២២ឆ្នាំ បានប្រើប្រាស់កាំភ្លើងវែងអាកា៤៧បាញ់តដៃជាមួយសមត្ថកិច្ច , ២-ឈ្មោះ រី ពិសី អាយុ ៣០ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាន់កាំភ្លើងខ្លីម៉ាកសូរ៉ាគី ។ចំណែក២នាក់ទៀតពុំស្គាល់អត្តសញ្ញាណឡើយ ម្នាក់កាន់កាំភ្លើងខ្លី ម៉ាកCZ និងម្នាក់ទៀតពុំមានកាំភ្លើងឡើយ។

តាមការត្រួតពិនិត្យ ជនសង្ស័យដែលជាមេខ្លោងត្រូវគ្រាប់កាំភ្លើងចំនួន២គ្រាប់ ១គ្រាប់ចំថ្ងាសធ្លាយទៅក្រោយ និងមួយគ្រាប់ទៀតចំក្រោមជង្គង់ឆ្វេងធ្លាយទៅលើក្បាលជង្គង់ និងឈ្មោះ រី ពិសី ត្រូវចំនួន ៧គ្រាប់ គ្រាប់បៀម២គ្រាប់ (ទាំងចេញនិងចូល១៧កន្លែង)។ចំណែក២នាក់ទៀត អត់ស្គាល់អត្តសញ្ញាណម្នាក់មានកាំភ្លើងត្រូវ៩គ្រាប់(ចេញនិងចូល១៨កន្លែង)និងម្នាក់ទៀតអត់កាំភ្លើងត្រូវ៥គ្រាប់(ចេញនិងចូល១១កន្លែង)។

ការចាប់ជំរិតយកប្រាក់ចំនួន១លានដុល្លារ មិនបានសម្រេចដោយបានបែកធ្លាយត្រូវកម្លាំងសមត្ថកិច្ចត្រៀមចាំកម្ទេច ។

ជនរងគ្រោះ ត្រូវជនសង្ស័យគ្រោងចាប់ជំរិត ឈ្មោះម៉ៅ ហួរ ភេទប្រុស អាយុ ៥៨ឆ្នាំជាពាណិជ្ជករនិងជាអតីតប្រធានសាខាអគ្គិសនី ខេត្តកំពង់ចាម ហើយ បច្ចុប្បន្ន ត្រូវបានផ្លាស់មកក្រុមហ៊ុនអគ្គិសនីកម្ពុជាវត្តភ្នំវិញ។

ក្រុមជនសង្ស័យ បានរៀបចំគម្រោង ចាប់ជំរិតមន្រ្តីអគ្គីសនីរូបនោះយកប្រាក់ចំនួន១លានដុល្លារ រួចហើយគ្រោង បាញ់សម្លាប់ជនរងគ្រោះនិងភរិយា ព្រមទាំងបាញ់សម្លាប់អ្នកបម្រើ២នាក់ជាក្រោយ ។នៅក្នុងគម្រោងសកម្មភាព ជនសង្ស័យដែលមានម្នាក់ជាអតីតអ្នកបើករថយន្តរបស់ជនរងគ្រោះដែលត្រូវបានជនរងគ្រោះខាងលើបញ្ឈប់ ក៏មានចិត្តគំុកួនហើយបានទៅទាក់ទងអ្នកបើករថយន្តរបស់ជនរងគ្រោះថ្មី រៀបរាប់ពីគម្រោងចាប់ជំរិត ហើយអ្នកបើករថយន្ត ក៏បានប្រាប់មន្រ្តីអគ្គិសនីរូបនោះប្តឹងសមត្ថកិច្ចដាក់កម្លាំងក្នុងផ្ទះត្រៀមចាំប្រមាណជាង១០នាក់ហើយឈានទៅបាញ់សម្លាប់ជនសង្ស័យសុទ្ធតែពាក់មុខ មានអាវុធវែងខ្លី៣ដើម រួមទាំងមានស្តុត ខ្សែ សម្រាប់ចងម្ចាស់ផ្ទះផងដែរ៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖