ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន ក្នុងកិច្ចពិភាក្សាទូរទៅលើរបាយកាណ៍សកលរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានធ្វើការឆ្លើយតបចំនួន៦ចំណុច។ នេះបើតាមបទអន្តរាគមន៍របស់តំណាងកម្ពុជា ក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ជាក់ស្ដែងលោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជា ក្នុងកិច្ចពិភាក្សាទូរទៅ លើរបាយកាណ៍នេះ បានឆ្លើយតបដូចតទៅ៖
១៖ គណៈប្រតិភូយើងខ្ញុំកត់សម្គាល់ដោយក្ដីខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់ លោកជំទាវ ឧត្តមស្នងការ ដែលពុំបានដាក់បញ្ចូលនូវការសម្រេចរបស់រាជរដ្ឋាភិបាល កាលពីខែធ្នូកន្លងទៅឱ្យ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បន្តអាណត្តិប្រតិបត្តិការតទៀត ប៉ុន្តែបែរជាដាក់បញ្ចូលតែការចោទប្រកាន់ ដែលផ្អែកលើរបាយការណ៍តែម្ខាងទៅវិញ។ ក្នុងន័យនេះ ដូចគណៈប្រតិភូដទៃជាច្រើនទៀត កម្ពុជាសូមស្នើយ៉ាងទទូចឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពឱ្យបាននូវគោលការណ៍មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម ដូចដែលឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតែរើស ធ្លាប់បានអំពាវនាវ។ យើងខ្ញុំសូមឆ្លៀតយកឱកាសនេះ ជម្រាបបន្ថែមអំពីការពិតនៅកម្ពុជា ដូចតទៅ៖
២៖ សេរីភាពសារព័ត៌មានដ៏រស់រវើកបន្តរីកដុះដាលតាមរយៈវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថល ជិត២.០០០អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់ រដ្ឋាភិបាល ដែលកំពុងដំណើរការ ដោយគ្មានការត្រួតពិនិត្យទុកជាមុន។ កម្ពុជាគាំពារអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត។
៣៖ គណនីហ្វេសប៊ុកចំនួនជិត១២លាន ស្មើនឹង ៧០% នៃចំនួនប្រជាជនកម្ពុជាសរុប បានបន្តបញ្ចេញនូវទស្សនៈទះទៀន ដោយសេរី និងដោយផ្ទាល់ចំពោះកិច្ចការ និងសេវាសាធារណៈរបស់រដ្ឋាភិបាល។
៤៖ ការចោទប្រកាន់ថា លំហសង្គមស៊ីវិលត្រូវបានរឹតត្បិត គឺមិនត្រឹមត្រូវទេ ព្រោះវត្តមានអង្គការសង្គម ស៊ីវិលចុះបញ្ជីជិត៦.០០០ កំពុងប្រតិបត្តិការប្រកបដោយថាមវន្តនិងគ្មានការបង្អាក់រំខាន ហើយ បាននិងកំពុងបោះពុម្ពផ្សាយរបាយការណ៍និងបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាលជាប្រចាំ និងឥត ស្រាកស្រាន្ត។ ភាពជាដៃគូកាន់តែជិតស្និទរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលក៏ត្រូវបានលើកតម្កើងតាមរយៈយន្តការពិគ្រោះយោបល់ជាទៀងទាត់។ បាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់ សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្ដុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ឡើយ។
៥៖ រាល់វិធានការផ្លូវច្បាប់និងរដ្ឋបាលទាំងអស់ សុទ្ធសឹងតែត្រូវបានអនុវត្តនៅក្នុងព្រំដែននៃច្បាប់។ ម្យ៉ាងទៀត រាល់ការចោទប្រកាន់ផ្សេងៗដែលត្រូវបានបញ្ជូនទៅតុលាការ គឺពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌនិងការរំលោភរដ្ឋធម្មនុញ្ញ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ និងដាក់ ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវការជំនុំជម្រះស្របតាមច្បាប់។
៦៖ ចុងបញ្ចប់ រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាធានានូវការអនុវត្តរាល់សិទ្ធិនិងសេរីភាពមូលដ្ឋាននៅ ក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ៕ដោយ៖ស តារា
សូមអានព័ត៌មានលម្អិតក្នុងបទអន្តរាគមន៍របស់តំណាងកម្ពុជា ក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស មានដូចខាងក្រោមនេះ៖