ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងនៅចំណុចការដ្ឋានសំណង់មួយកន្លែងក្នុងក្រុងបាវិត។
ការឃាត់ខ្លួនជនសង្ស័យមកសាកសួរនេះធ្វើឡើងនៅវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី១ខែមីនាឆ្នាំ២០២១ស្ថិតនៅចំណុចការដ្ឋានសំណង់លាងសានក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចក្រុងបាវិតបានឱ្យដឹងថាជនសង្ស័យមានឈ្មោះអ៉ឹម គ្រៀម អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្លុកវាយទី២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង និងឈ្មោះ អ៉ឹម វល្លៃ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់ មានទីលំនៅភូមិថ្លុកវាយទី១ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រភពបន្តថា នៅវេលាម៉ោង៥ល្ងាចសមត្ថកិច្ចនគរបាលក្រុងបាវិត បាន ទទួលព័ត៌មានថា នៅចំណុចការដ្ឋានសំណង់លាងសានខាងលើមានករណី ចោរលួចខ្សែភ្លើងមួយបានកើតឡើង។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យ ចំនួន២នាក់មកសាកសួរ រួមទាំងវត្ថុតាងផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៉ឹម គ្រៀម បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកខ្សែភ្លើងប្រភេទធំ ប្រវែង២០ម៉ែត្រយកទៅបោះចោលនៅខាងក្រោយការដ្ឋានសំណង់លាងសាន ប្រាកដមែន មូលហេតុដោយសារតែខឹងជនជាតិចិនស្ដីបន្ទោស។
ចំណែកជនសង្ស័យ ឈ្មោះ អុឹម វល្លៃ បានឆ្លើយបដិសេធថា ខ្លួនមិនបានលួចទេ គ្រាន់តែជាអ្នកប្រាប់ឲ្យឈ្មោះ អ៉ឹម គ្រៀម ចាក់សំរាមកន្លែងដែលខ្លួនបញ្ជាឲ្យចាក់តែប៉ុណ្ណោះ។
ប្រភពបន្តថា ក្រោយពីបានចម្លេីយជនសង្ស័យទាំង២រួចមកសមត្ថកិច្ចបានសំុគោលការណ៍ទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដេីម្បីឃាត់ខ្លួននិងបំពេញសំណំុរឿងចាត់ការតាមច្បាប់ផងដែរ៕
ដោយ៖យឹមសុថាន