ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១៣១គ្រួសារដែលបាននិងកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានទទួលសាច់ជ្រូកនិងអង្ករពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែមីនា២០២១ នៅទីតាំងធ្វើចត្តាឡីស័កតាមផ្ទះក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្រុមការងារបានដាក់សាច់ជ្រូកនិងអង្ករជាកញ្ចប់ ហើយទើបបានអញ្ជើញបងប្អូនមកទទួលម្នាក់ម្តងៗ ដើម្បីបង្ការកុំឱ្យមានការឆ្លងបន្តនៃជងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ អំណោយទាំងនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមនិងសាច់ជ្រូកចំនួន២គីឡូក្រាម។
លោក ឃួង ស្រេង បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ។ សូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ សម្តេចមិនទុកឱ្យបងប្អូនស្លាប់ដោយសារការអត់បាយនោះទេ សូមបងប្អូនកុំព្រួយ ។
មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ បានឱ្យដឹងថា៖ រដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាល និងធ្វើចត្តាឡីស័កចំនួន១ មានអ្នកជំងឺស្នាក់នៅ ព្យាបាលចំនួន៥៤នាក់ (គិតត្រឹមថ្ងៃទី០២មីនា) និងមានទីតាំងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ចំនួន៥ទីតាំង ស្មើ៤៧០នាក់ ក្នុងនោះជនបរទេស ៣៤នាក់ ។ ក្នុងចំនួននេះបានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាលផ្សេងៗក្នុងរាជធានីភ្នំពេញចំនួន៦នាក់ ជនបរទេស៤ នាក់ ។ដោយឡែកចំពោះប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅសង្កាត់ស្ទឹងមានជ័យទី១ខាងលើនេះ មានចំនួន៣៣១នាក់ ស្មើនឹង១៣១ គ្រួសារ ។ ពួកគាត់ជាប្រជាពលរដ្ឋដែលបាន ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា ក្នុងចំនួនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កទាំងនេះ ក្នុងនោះមានចំនួនប្រជាពលរដ្ឋ៩២នាក់ បានធ្វើតេស្តសំណាកចំនួន២លើករួចមកហើយ គឺនៅថ្ងៃទី២៦ ខែកុម្ភៈ ដោយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅនិងនៅថ្ងៃទី២៧ ខែកុម្ភៈដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ៕
ដោយ៖សំរិត