ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានធ្វេីសកម្មភាពលួចរុឺម៉កម៉ូតូកង់បីមួយគ្រឿងចេញពីភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ហេីយព្យាយាមបេីកគេចខ្លួនតែដោយសារម៉ូតូអស់សាំងក៏នាំគ្នាបណ្តេីរគេចខ្លួនបន្តតែស៊យអីក៏ប្រទះជួបកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ដោយសង្ស័យក៏ឃាត់ខ្លួនសាកសួរ បែកធ្លាយ ទើបទំនាក់ទំនងទៅនគរបាលខណ្ឌពោធិសែនជ័យ នាំយកជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី១វិញ ដើម្បីកសាងសំណុំរឿង ។
ជនសង្ស័យទាំង៣នាក់ចាប់ខ្លួនបាន ទី១ ឈ្មោះ គ្រុយ ម៉េងលី ហៅហ៊ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកអចលនទ្រព្យ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
ទី២ ឈ្មោះ ហេង តុលា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
៣ ឈ្មោះ លី មករា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ អ៊ួន ប៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ និងរត់ម៉ូតូកង់បី ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ រីឯម៉ូតូកង់បីដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ 1J-4639 សណ្តោងរុឺម៉ក ត្រូវបានដកហូតយកមកវិញ ។
តាមនគរបាលប៉ុស្តិ៍ព្រៃស បានឲ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើស ស្រាប់តែប្រទះជួបជនសង្ស័យ៣នាក់ កំពុងនាំគ្នាចុះរុញ អូស ម៉ូតូកង់បី នៅតាមផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស សង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ ទើបបែកធ្លាយ លួចម៉ូតូកង់បីចេញពីក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ហើយខណៈដែលកំពុងសាកសួរ មិនទាន់ចប់ផង ស្រាប់តែលេចមុខជនរងគ្រោះ ម្ចាស់រុឺម៉ក ដើរសាកសួរ ប្តឹងប៉ូលិស ដល់ប៉ុស្តិ៍ព្រៃសតែម្តង ដឹងរឿងអង្គហេតុហើយ ទើបនគរបាលប៉ុស្តិ៍ព្រៃស ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យកម្លាំងទៅទទួលយកជនសង្ស័យ និងវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ វិញ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម៉ូតូកង់បី ជិតអស់សាំងទៅហើយ ចតទុកដាក់មុខបន្ទប់ជួល ដូចសព្វដង រួចចូលដេកសម្រាកបាត់ទៅ លុះរហូតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី០៣ ខែមីនា នេះ បាត់កង់បី ក៏ចេញដើរស្វែងរក ទៅដល់ប៉ុស្តិ៍ព្រៃស សង្កាត់ព្រៃស ប្រទះឃើញម៉ូតូកង់បីរបស់ខ្លួន ទើបដឹងថា នគរបាលចាប់ឃាត់បាន រួមទាំងជនសង្ស័យ៣នាក់ ។
ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ ចាប់ខ្លួនបានហើយ រួចបរគល់ទៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាំខ្លួនសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯម៉ូតូកង់បី ត្រូវបាននគរបាល សុំគោលការណ៍ ប្រគល់ជូនទៅម្ចាស់ ជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕
ដោយ៖ សុខាសែនជ័យ