អន្តរជាតិ៖ បើតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ហៅកាត់ថា CCSA របស់ប្រទេសថៃ នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១ បានប្រកាសពី ការរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៣៥នាក់ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបន្តកើនដល់ ២៦,១០៨នាក់។
ជាក់ស្ដែងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២៥ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង១០ករណីទៀតជាករណីឆ្លង ដែលត្រូវបានរកឃើញលើអ្នកទើបត្រឡប់មកពីក្រៅប្រទេស ។ សម្រាប់ករណីឆ្លងក្នុងស្រុក ១២ករណីត្រូវបានរាយការណ៍ចេញពីខេត្ត សាមុតសាខន, ៨ករណីចេញពីខេត្ត ផាទុមថានី, ៣ករណីចេញពី ទីក្រុងបាងកក រីឯខេត្ត ប្រាជួបគីរីខ័ន និងខេត្តអាយុធ្យាមាន១ករណី។
សូមជម្រាបថា បច្ចុប្បន្ននៅក្នុងប្រទេសថៃ ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 ចំនួន ២៦,១០៨នាក់ ,ក្នុងនោះមាន២៥,៤៨៣នាក់ បានជាសះស្បើយវិញ ខណៈ៥៤១នាក់កំពុងនៅបន្តសម្រាកព្យាបាលតាមមន្ទីរពេទ្យ។ ចំណែកតួលេខអ្នកជំងឺដែលស្លាប់ គឺនៅ៨៤នាក់ដដែល៕ដោយ៖ស តារា
រូបភាព៖AP