ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំងកណ្តាលយប់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពេលធ្វើការល្បាតនៅក្នុងមូលដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានប្រទះឃើញជនសង្ស័យ១នាក់គួរឱ្យសង្ស័យ ហើយភ្លាមៗនោះក៏ហៅមកសួរនាំនិងធ្វើការត្រួតពិនិត្យឆែកឆេរ ស្រាប់តែរកឃើញម្សៅក្រាមសថ្លាជាគ្រឿងញៀនចំនួន៣ថង់តូច រួចក៏បានឃាត់ខ្លួនតែម្តង។ករណីនេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង  ភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀននេះឈ្មោះ ណាត ផានិត ហៅចក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ក្នុងភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារចាប់យកមាន៖១-ម្សៅក្រាមសថ្លាជាគ្រឿងញៀនចំនួន៣ថង់តូច។ ២-ទូរស័ព្ទដៃចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោករកា បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ១នាក់ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញសម្ភារដូចបានរៀបរាប់ខាងលើ។ ភ្លាមនោះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោម ជាលទ្ធផលវិជ្ឋមាន(មានសារធាតុញៀនក្នុងទឹកនោម)។

បច្ចុប្បន្ន ជនសង្ស័យចំនួនខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖