ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ កម្ពុជាកក់ក្តៅដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាក់ថ្នាំការពារជំងឺកូវីដ-១៩ ថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា, នេះជាដំណឹងល្អ ហើយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​មានឱកាសបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកនេះ នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកបន្តថា ថ្មីៗនេះ​ ខ្ញុំបានចាក់វ៉ាក់សាំង​ ស៊ីណូហ្វាម (Sinopharm) ​ជាជំនួយរបស់មិត្តចិនដែលតម្រូវអោយចាក់លេីមនុស្សអាយុក្រោម៥៩។ ចំពោះ សម្តេចតេជោ អាយុលើសពី ៥៩ឆ្នាំ គឺមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម បានទេ ទើបត្រូវរង់ចាំរហូតដល់កម្ពុជាទទួលបានវ៉ាក់សាំងដែលមិនកំណត់អាយុដែលមានឈ្មោះថា​ អាស្ត្រាហ្សេនីកា (AstraZeneca) ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ វ៉ាក់សាំងនេះក៏បានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (World Health Organization-WHO និង UNICEF ផងដែរ។

ពេលនេះប្រមុខដឹកនាំកម្ពុជា​​បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ហើយ ។ ខ្ញុំបាទ ក៏ដូចជាមន្រ្តីរាជការ និងពលរដ្ឋទូទាំងប្រទេសកាន់មានភាពកក់ក្តៅយ៉ាងខ្លាំងចំពោះសុវត្ថិភាពសុខភាពរបស់ សម្តេចទាំងទ្វេដែលកាន់តែរឹងមាំ ដើម្បីបន្តដឹកនាំប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖ សិលា


ចែករំលែក៖