ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៣៨នាក់ដោយបាតុកម្មនៅមីយ៉ាន់ម៉ា ក្នុងរយៈពេលមួយថ្ងៃ

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី ៤ខែមីនា ឆ្នាំ​២០២១ បានដកស្រង់ប្រភពព័ត៌មានពីឧបការីអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា​លោកស្រី​ Christine Schraner Burgener បានបញ្ជាក់ថា មានអ្នកស្លាប់ដល់ទៅ​៣៨នាក់ក្នុងការបង្ក្រាបបាតុករពីសំណាក់កម្លាំងប៉ូលិសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ខែមីនា​។
តាមសារព័ត៌មានរ៉យទ័រ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់ប្រហារទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។ ការប្រើហិង្សាបង្ក្រាប់បាតុករកើតឡើងក្រោយពេលបណ្តាប្រទេសក្នុងតំបន់បានអំពាវនាវដល់មីយ៉ាន់ម៉ា រក្សាការអត់ធ្មត់ ដោះស្រាយវិវាទនយោបាយដោយសន្តិវិធី។កន្លងមក កាលពីថ្ងៃទី​២៨ខែកុម្ភៈ ក៏មានបាតុករ​១៨​នាក់ស្លាប់ដោយការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខមីយ៉ាន់ម៉ាដែរ ។
អង្គការសហប្រជាជាតិកាលពីថ្ងៃទី ៣ ខែមីនាបានបញ្ជាក់ថា នេះជាអំពើហិង្សាទ្រង់ទ្រាយធំបំផុត ចាប់តាំងពីផ្ទុះបាតុកម្មក្រោយរដ្ឋប្រហារកាលពីថ្ងៃទី ១ខែកុម្ភៈមក​។ នៅពេលនេះរដ្ឋាភិបាលបានប្រើហិង្សាកាន់តែខ្លាំងក្នុងគោលដៅបញ្ចប់ក្រុមបាតុករដង្ហែក្បួនប្រឆាំងការដឹកនាំដោយយោធា​។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងប៉ូលិសនិងទាហាន បានផ្ទុះអាវុធទៅលើក្រុមបាតុករតែម្តង ដោយមិនមានការព្រមានជាមុនឡើយ ។ សកម្មជន នយោបាយ​លោក Thinzar Shunlei Yi ​បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ពិតជាសហាវឃោរឃៅណាស់ នោះជាការសម្លាប់រង្គាល ។
តាមប្រភពព័ត៌មានពីក្រុមជួយសង្គ្រោះ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានកុមារដល់ទៅ​៤នាក់ ។ ជាមួយគ្នានេះមានបាតុកររាប់រយនាក់ត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួនផងដែរ។
ឧបការីអង្គការសហប្រជាជាតិ លោកស្រី​Christine Schraner Burgenerបញ្ជាក់ថា នេះជាការបង្ហូរឈាមច្រើនបំផុតចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ។ គិតមកទល់ពេលនេះមានអ្នកស្លាប់ ដោយការបាញ់ប្រហារពីកម្លាំងប៉ូលិសមីយ៉ាន់ម៉ាកើនឡើងដល់ទៅជាង៥០នាក់ហើយ​។
នៅថ្ងៃទី ៥ខែមីនា អង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំ ស្តីពីស្ថានភាពនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយស្ថានភាពវិវឌ្ឍកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ៕

ដោយ ៖ធីរីណា(រូបភាព៖AP)


ចែករំលែក៖