ក្រុមអ្នកមានបុណ្យ Barcelona បានបំប៉ោងសំណាញ់ទីក្នុងការប្រកួតជើងទី២ ខណៈដែលពួកគេបានយកឈ្នះក្រុម Sevilla ដែលមានគ្នា១០នាក់ដោយលទ្ធផល ៣-០ បន្ទាប់ពីម៉ោងបន្ថែមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ។
យោងតាមការចេញផ្សាយរបស់ BBC Sport និង MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ មីនានេះថា ការប្រកួតក្នុងតង់ទី១ ខ្សែប្រយុទ្ធ OusmaneDembele របស់ Barcelona បានរកគ្រាប់បាល់នាំមុខ១គ្រាប់ទៅលើក្រុម Sevilla នៅនាទីទី១២ ហើយ១គ្រាប់នេះបានបន្តរហូតដល់ចប់តង់ទី១។ចូលដល់ការប្រកួតតង់ទី២ ក្រុមទាំង២បានព្យាយាមរកគ្រាប់បាល់រៀងៗខ្លួន ហើយនៅនាទីទី៧៣ កីឡាករ Lucas Ocampos របស់ក្រុម Sevillaស៊ុតបាល់ប៉េណាល់ទីមិនចូល។
ចូលដល់ម៉ោងបន្ថែមនៅនាទីទី៩០+៤ កីឡាករ Gerard Pique រកបាន១គ្រាប់ឲ្យ Barcelona ហើយនៅនាទីទី៩៥ កីឡាករ Braithwaite រកបាន១គ្រាប់ទៀតដែលជាគ្រាប់បាល់ជ័យជម្នះក្នុងលទ្ធផល ៣ទល់០។
ក្រុម Barcelona ដែលមានបំណងចង់ឈ្នះពានរង្វាន់ Copa del Rey លើកទី៣១ នឹងត្រូវប្រឈមមុខជាមួយក្រុម Athletic Bilbao ឬ Levanteក្នុងវគ្គផ្តាច់ព្រ័ត្រដែលក្រុម Athletic Bilbao ត្រូវប៉ះ Levante នៅយប់នេះក្នុងការប្រកួតជើងទី២ ៕
ដោយ៖ភារៈ