ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀមនៅតាមផ្ទះរៀងៗខ្លួន ដោយត្រូវបន្ថយការជួបជុំគ្នានៅតាមទីសាធារណៈ ទីប្រជុំជន និងពិធីផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ថា, រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា៖ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុង រស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុមួយចំនួនផងដែរ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុង សហគមន៍ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបដល់ លោក លោកស្រីជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ អ្នកបើករថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
-ផ្អាកធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ ប្រភេទចេញ-ចូលខេត្តព្រះសីហនុមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងមានការឆ្លងរាលដាល បន្ថែមទៀតទៅដល់ទីតាំងដទៃនាំឱ្យមានការពិបាកក្នុងការគ្រប់គ្រង។ ចំពោះរថយន្តដឹកជញ្ជូនទំនិញនៅបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវកម្រិតចំនួនមនុស្សជាក់លាក់ត្រឹម ២នាក់ គឺ: -អ្នកបើកបរ និងជំនួយការអ្នកបើកបរ (ព្រូរថយន្ត)។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំណើរចេញ-ចូល ទៅ-មក រាជធានី ខេត្តផ្សេងមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺ កូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជា មណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។
-សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅ តាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនរួមមាន ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ៖ ៣ ការពារ គឺ (ចាប់ពី១,៥ម៉ែត្រឡើងទៅឱ្យបានគ្រប់ៗគ្នា នៅ គ្រប់ទីកន្លែងទាំងអស់) និង ៣កុំ គឺ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវ រកកន្លែងដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នា… ជាដើម។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងៀមនៅតាមផ្ទះរៀងៗខ្លួន ដោយត្រូវបន្ថយការជួបជុំ គ្នានៅតាមទីសាធារណៈ ទីប្រជុំជននានា និងពិធីផ្សេងៗ។ ក្នុងករណីចាំបាច់ត្រូវចេញក្រៅផ្ទះត្រូវពាក់ម៉ាសជាប់ ជានិច្ច។ បើមានករណីសង្ស័យពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ ត្រូវផ្តល់ព័ត៌មានមករដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ៖ 012 794 896 (ភាសាខ្មែ) 011 546 667 (ភាសាចិន) 012 789 222 (ភាសាអង់គ្លេស)។
ទទួលបានសេចក្តីជូនដំណឹងនេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តត្រូវទទួល បន្ទុកផ្សព្វផ្សាយ អនុវត្តឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សុខ ខេមរា