ភ្នំពេញ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសារទរ ជូនឯកឧត្តមប្រធានាធិបតី NANA ADDO DANKWA AKUFO-ADDO ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋហ្គាណា។
តាមរយៈព្រះរាជសារ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ចេញពីទីក្រុងប៉េកាំង ប្រទេសចិន ជាកន្លែងដែលព្រះអង្គ និងសម្តេចព្រះមហាក្សត្រី គង់ប្រថាប់ដើម្បីពិនិត្យតាមដានព្រះរាជសុខភាព អង្គព្រះមហាក្សត្រមានព្រះរាជបន្ទូល ៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរដ៏កក់ក្តៅ ជូនឯកឧត្តម និងប្រជាជនហ្គាណា ក្នុងឱកាសខួបលើកទី៦៤ នៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋហ្គាណា »។
ព្រះករុណាព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលបន្ត៖ «ខ្ញុំសូមកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាលឯកឧត្តម ក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។ ហើយខ្ញុំក៏មានសេចក្តីរីករាយ ដែលប្រទេសហ្គាណាបានក្លាយជាប្រទេសដំបូងគេ ក្នុងការទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក»។
ព្រះអង្គ ក៏បានសម្តែងនូវជំនឿមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្គាណា នឹងត្រូវបានពង្រឹងបន្ថែមទៀតនាឆ្នាំខាងមុខ៕
ដោយ៖ សូរិយា