ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃសុក្រ ៧ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ៨៣រូប។

របៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាឱកាសនេះ មានតែមួយ គឺ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មុនចូលដល់របៀបវារៈ អង្គប្រជុំរដ្ឋសភាបានអនុម័តសមាសភាពលេខាធិការចំនួន ៣រូបសម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន៖
១- លោក ថោង វរលក្ខណ៍
២- លោក ម៉ា ឈឿន
៣- លោក អ៊ុ សំអុល
ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានដូចខាងក្រោម ៖
– សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក ១៨មាត្រា
– លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ ។
– លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាលព្រមទាំងសហការី ជា តំណាងរាជរដ្ឋាភិបាល ជា អ្នក ការពារ , សេចក្តីព្រាងច្បាប់។
– សមាជិករដ្ឋសភា ដែលឡើងមានមតិ ក្នុង ការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មាន លោកស្រី និន សាផុន
– អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ៨៣សំឡេង។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ បានបិទបញ្ចប់សម័យប្រជុំនៅវេលាម៉ោង៩:១៥នាទី នាថ្ងៃខែឆ្នាំដដែល៕

ដោយ៖ សិលា


ចែករំលែក៖