ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាល: ច្រានចោលពាក្យបំផ្លឹសថា, «ជនជាតិវៀតណាម ៤នាក់ រត់គេចខ្លួនពីរការធ្វើចត្តាឡីស័ក នៅកាស៊ីណូ យុងយ័ន ចូលទឹកដីវៀតណាមសង្ស័យមានវិជ្ជមានកូវីដ-១៩»

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមឆ្លើយតបបំភ្លឺជូនគេហទំព័រសារព័ត៌មានឈ្មោះ GNtimes ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារថា «ជនជាតិវៀតណាម ៤នាក់ រត់គេចខ្លួនពីរការធ្វើចត្តាឡីស័ក នៅកាស៊ីណូ យុងយ័ន ចូលទឹកដីវៀតណាមសង្ស័យមានវិជ្ជមានកូវីដ-១៩»។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុងចំពោះខ្លឹមសារនៃការចុះផ្សាយខាងលើ។
សូមបញ្ជាក់ជូនថា៖ ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ក្រុមហ៊ុន កាស៊ីណូ យុងយ័ន ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល សរុបមានចំនួន ៧២៣នាក់ ស្រី៣៧១នាក់ នៅគ្រប់ចំនួនមិនមានរត់ចេញនោះទេ។

ដោយឡែក ចំពោះវីដេអូ សកម្មភាពបុរសម្នាក់រត់គេចខ្លួននោះ គឺនៅទីតាំងផ្សេងមិនជាប់ពាក់ព័ន្ធទៅនឹងមណ្ឌលចត្តាឡីស័ក ក្រុមហ៊ុន កាស៊ីណូ យុងយ័ន ឡើយ។

ជាក់ស្តែង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំសហការី អមដំណើរលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកស្អាង និងកោះធំ ចុះត្រួតពិនិត្យ និងរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅមណ្ឌលចត្តាឡីស័ក ក្រុមហ៊ុន កាស៊ីណូ យុងយ័ន ដោយប្រើប្រាស់កងកម្លាំងប្រចាំការ២៤ម៉ោង/២៤ម៉ោង។

អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន និងសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕ សូមអរគុណ

ដោយ៖ សិលា

 


ចែករំលែក៖