ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងប្រៃសណីយ៍: “ទប់ស្កាត់កូវីដ Stop Covid”ក្នុងរយៈពេល ១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា,បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”ក្នុងរយៈពេល ១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេន អាចទទួលបានដំណឹងភ្លាមៗ ប្រសិនបើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយ ម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន។

ក្នុងគោលបំណងបន្តការពារសុខភាពសាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវដល់បុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង មិនត្រូវចាកចេញពីផ្ទះ ឬកន្លែងធ្វើចត្តាឡីស័កជាកំហិត ក្នុងអំឡុងពេល ១៤ថ្ងៃ។ តាមរយៈទិន្នន័យប្រព័ន្ធ QR Code បានបង្ហាញថា ក្នុងចំណោមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ មានបុគ្គលខ្លះ បានចាកចេញពីផ្ទះដោយចូលទីតាំងជាច្រើនកន្លែង ដែលជាការល្មើសនឹងវិធាននៃការធ្វើចត្តាឡីស័ក។ យោងអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អ្នកគេចវេះមិនធ្វើចត្តាឡីស័កនឹងត្រូវទទួលពិន័យពី ១លានដល់៥លានរៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ ជាធរមាន។

ជាថ្មីម្ដងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់ QR Code នេះ សូមមេត្តារួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ-១៩របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន ដូចខាងក្រោម៖
– ពណ៌បៃតង បញ្ជាក់ពីស្ថានភាពធម្មតា៖ លោកអ្នកអាចអនុញ្ញាតឱ្យបុគ្គលនោះចូលដោយអនុវត្តតាមវិធានសុខាភិបាល។
– ពណ៌លឿង បញ្ជាក់ពីបុគ្គលដែលបានប៉ះពាល់អ្នកជំងឺកូវីដ-១៩ដោយផ្ទាល់ ឬដោយប្រយោលក្នុងអំឡុងពេល១៤ថ្ងៃចុងក្រោយ និងមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័ក៖ លោកអ្នកអាចសម្រេចមិនឱ្យបុគ្គលនោះចូល។
– ពណ៌ក្រហម បញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ថាបុគ្គលនោះមានជំងឺកូវីដ-១៩៖ លោកអ្នកមិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងរបស់ខ្លួនទេ។

ការចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code នេះទាំងអស់គ្នា ដើម្បីបង្កាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ និងជួយឱ្យសកម្មភាពធុរកិច្ចរបស់លោកអ្នកអាចនៅដំណើរការបានជាធម្មតាតាមបែបគន្លងថ្មី។

សម្រាប់ព័ត៌មានពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code សូមទាក់ទងទៅលេខទូរសព្ទ 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 ឬ 012 979 079៕

ដោយ៖សិលា


ចែករំលែក៖