ភ្នំពេញ ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានប្រកាសថា ក៏មានវិជ្ជមានកូវីដ-១៩ផងដែរបន្ទាប់ពីរកឃើញពិធីការិនី ចាន់ កែវនិមល និងក្រុមគ្រួសារត្រូវបានតេស្តវិជ្ជមានចំពោះជំងឺ កូវីដ-១៩ នៅពេលនេះ ។
សូមជម្រាបថា, តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook របស់ខ្លួនឯងមុននេះបន្តិចថា «លោកបានឆ្លងជំងឺ Covid-19» ។ តាមរយៈសាររបស់លោក បង្ហាញពីភាពក្លាហាន បញ្ជាក់ប្រាប់សាធារណជន ដើម្បីជាការចូលរួមចំណែកការពារ ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។
ដោយឡែកលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ សារព័ត៌មានថា , តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ជាក់មកខ្ញុំបាទថា គាត់មានវិជ្ជមានជំងឺកូវីដ-១៩ សូមអំពាវនាវបងប្អូនទាំងអស់ដែលបានពាក់ព័ន្ធជាមួយនឹងប្អូនប្រុស សូមមេត្តាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្ទាន់។
ក្នុងភាពក្លាហាន ទន្ទឹមគ្នានេះ លោក ណុប បាយ៉ារិទ្ធផ្ទាល់ ក៏បានប្រកាសប្រាប់មហាជនផងដែរថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ-១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»។
ក្រោយទទួលបានដំណឹងនេះមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ដូចជាអ្នកគាំទ្រតារាហង្សមាសផ្សេងទៀត បានជូនពរជាបន្តបន្ទាប់ ឲ្យលោកឆាប់ជាសះស្បើយពីជំងឺមួយនេះ ជាពិសេសអ្នកដែលពាក់ព័ន្ធផ្សេងទៀត សូមឲ្យជៀសផុតពីជំងឺនេះផងដែរ។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា, សូមជូនពរដល់ក្រុមការងារស្ម័គ្រចិត្តជួយការងារសង្គម ជាពិសេសលោក អ៊ិន ទីតូ អ្នកនាងចាន់ កែវនិមល និងស្វាមី ព្រមទាំងបុត្រ ក៏ដូចជាពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អគ្រប់ៗគ្នា ៕
ដោយ៖ សិលា