ខេត្តកណ្តាល៖ មេល្បែងបាញ់អាប៉ោងម្នាក់ និងអ្នកលេងអាប៉ោងម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង សាកសួរបានតែបន្តិចក៏សម្រេចដោះលែងឱ្យវិលត្រឡប់ទៅផ្ទះវិញតែម្តង ។
បើតាមលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា ជាការលេងល្បែងស៊ីសង ទើបលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសម្រេចឱ្យទៅលំនៅឋានវិញ ។
ជនសង្សយ័ទី១ឈ្មោះ ជូ យ៉ុន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២ឈ្មោះ ម៉ម ស៊ីណា(ហៅទូច) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ចំណែកអ្នកចាក់មានគ្នាប្រហែល៤នាក់ ទៅ៥នាក់បានរត់គេចខ្លួនអស់ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថាមានករណីលេងល្បែងសុីសង (អាប៉ោង) នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលភូមិធំ បានចុះដល់កន្លែងលេងល្បែងសុីសងខុសច្បាប់(អាប៉ោង) ហើយធ្វើការឃាត់ខ្លួនអ្នកលេងល្បែងសុីសងបានចំនួន២ នាក់ ( អ្នកបាញ់អាប៉ោងម្នាក់ និងអ្នកលេងម្នាក់ ) ។វត្ថុតាងចាប់យករួមមាន មេអាប៉ោងចំនួន៤គ្រាប់ ចានអាប៉ោងចំនួន១ គម្របអាប៉ោងចំនួន១ កម្រាលជ័រមានលេខចំនួន១ ទូរស័ព្ទដៃម៉ាកOPPO ម៉ូដែលCPH2127 ពណ៌ទឹកសមុទ្រចំនួន១ ប្រាក់រៀលចំនួន៦០៥០០០៛(ហុកសិបម៉ឺនប្រាំពាន់រៀល)កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន១ ម៉ូតូចំនួន២គ្រឿង (ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១AI-៧២១៨ ចំនួន១គ្រឿង និង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល ១AC-៧៦៥៣ចំនួន១គ្រឿង ។
គួររំលឹកថា អ្នកលេងល្បែងស៊ីសងបញ្ជល់មាន់២នាក់ ដែលសមត្ថកិច្ចស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចចម្ការស្វាយមិនស្គាល់ម្ចាស់ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីបញ្ជូនដល់តុលាការ ក៌ត្រូវបានលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសម្រេចឱ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ៕
ដោយ៖ឆ ដា