ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីទប់ទល់ជាមួយទីក្រុងប៉េកាំង កោះតៃវ៉ាន់ជ្រើសរើសកម្លាំងយោធាបន្ថែម១៨ពាន់នាក់ទៀតនៅឆ្នាំ២០២១

ចែករំលែក៖

សារព័ត៌មាន Taiwan News បានផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៩ខែមីនា បានប្រកាសគម្រោងជ្រើសរើសកម្លាំងទាហានបន្ថែម១៨០០០នាក់ នៅក្នុងឆ្នាំ២០២១ ដើម្បីបង្កើនសមត្ថភាពការពារ ទប់ស្កាត់ការវាយប្រហារពីប្រទេសចិន។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី ៣ខែមីនា ឧត្តមសេនីយ៍ Xia De Yu បានឲ្យដឹងថា កម្លាំងទាហានកោះតៃវ៉ាន់ នឹងជ្រើសរើសទាហានបន្ថែម១៨២៩៤នាក់ទៀតសម្រាប់ឆ្នាំ២០២១ ។ ទាហានថ្មីនឹងត្រូវបណ្តុះបណ្តាលដើម្បីបម្រើការនៅស្ថាប័នចំនួន៩ផ្សេងគ្នា ។
លោក Xia បានបន្តទៀតថា ការជ្រើសរើសទាហានឆ្នាំនេះមានច្រើនជាងឆ្នាំ២០២០ ។ ដើម្បី កាត់បន្ថយការជះឥទ្ធិពលដោយសារតែចំនួនទារកកើតតិចនៅលើកោះនេះ កោះតៃវ៉ាន់ បានសម្រេចជ្រើសរើសសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២ និងក្រុមនិស្សិត ។
ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និឹង ចិនដីគោកកាន់តែតានតឹងក្រោយលោកស្រី Tsai Ing-wen ឡើងកាន់តំណែងប្រធានាធិបីកាលពីឆ្នាំ២០១៦ ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញអាមេរិកឲ្យគោរពទៅតាមច្បាប់ចិនតែមួយ ដោយឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ពិសេសគឺកោះតៃវ៉ាន់ ។ ការលើកឡើងរបស់ចិន ក្រោយពេលអាមេរិកប្រកាសថា នយោបាយទំនាក់ទំនងជាមួយកោះតៃវ៉ាន់មិនមានការប្រែប្រួលឡើយ៕ ដោយ៖ធីរីណា


ចែករំលែក៖