សាធារណរដ្ឋកូរ៉េ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងស្តីពី ការពិនិត្យមេរោគកូវីដ-១៩ ដោយមិនគិតថ្លៃ សម្រាប់ជនបរទេស។
យោងតាមលិខិតចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនពលករ -ពលការិនី និងពលរដ្ឋខ្មែរ ដែលកំពុង ស្នាក់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េទាំងអស់មេត្តាជ្រាបថា រដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ បានផ្តល់ការពិនិត្យរកមេរោគកូវីដ- ១៩ ជូនដល់ជនបរទេសជាពិសេស ពលករទាំងអស់ដោយមិនគិតថ្លៃ។ ដោយឡែក បងប្អូនដែលជាពលករខុសច្បាប់ ក៏ត្រូវបានលើក ទឹកចិត្តឱ្យទៅពិនិត្យរកមេរោគកូវីដ -១៩នេះ ដោយមិនមានការសួររកពីអត្តសញ្ញាណរបស់ បងប្អូនដែលជាពលករខុសច្បាប់ទេ។ ដូច្នេះសូមបងប្អូនពលករ-ពលការិនី និងពលរដ្ឋខ្មែរទាំងអស់អញ្ជើញទៅពិនិត្យរកមេរោគកូវីដ-១៩ ដើម្បីរួមគ្នាលុបបំបាត់មេរោគនេះទាំងអស់គ្នា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនពលករ-ពលការិនី និងពលរដ្ឋខ្មែរ ទាំងអស់ជ្រាបជាព័ត៌មាន៕ដោយ៖សុខ ខេមរា