ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមច្រានចោលចំពោះព័ត៌មានថា មានករណីជនផ្ទុកជម្ងឺកូវីដ-១៩ ដោយមិនដឹងខ្លួន បានទៅហូបនំបញ្ចុក នៅក្បាលហុងពោធិ៍សាត់ ដែលករណីនេះគឺជាព័ត៌មានមិនពិត បំភ្លៃបំផ្លើសទាំងស្រុង គិតមកដល់ពេលនេះខេត្តពោធិ៍សាត់ពុំទាន់មានករណ៍វិជ្ជមានកូវីដ-១៩នោះទេ។
នៅព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាបថា៖ មានករណីផ្ញើរសារជាសំឡេងបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក ហើយក៏មានការចែករំលែកតតគ្នា ដោយលើកឡើងថា ( មានករណីជនផ្ទុកជម្ងឺកូវីដ-១៩ ដោយមិនដឹងខ្លួន បានទៅហូបនំបញ្ចុក នៅក្បាលហុងពោធិ៍សាត់ ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ ធ្វើឲ្យមានការភ័យខ្លាច និងព្រួយបារម្ភ ដល់បងប្អូនដែលរស់នៅទីនោះ។ )
ចំពោះករណីនេះ រដ្ឋបាលខេត្ត សូមគោរពជម្រាបជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់មេត្តាជ្រាបថា៖ ករណីនេះគឺជាព័ត៌មានមិនពិត បំភ្លើសទាំងស្រុង គិតមកដល់ពេលនេះខេត្តពោធិ៍សាត់ពុំទាន់មានករណ៍វិជ្ជមានកូវីដ-១៩នោះទេ ដោយរដ្ឋបាលខេត្ត បានចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋា
ភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន ព្រមទាំងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
ករណីនេះរដ្ឋបាលខេត្ត ដោយមានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យផ្ទុកជម្ងឺវីដ-១៩ ដើម្បី ប្រយុទ្ធនឹងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងខេត្តពោធិ៍សាត់ កំពុងធ្វើការស្រាវជ្រាវស្វែងរកជនដែលបានបង្ហោះព័ត៌មាន មិនពិតធ្វើឲ្យមានភាន់ច្រឡំដល់សាធារណៈជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ ដើម្បីចាត់វិធាន ការណ៍តាមផ្លូវច្បាប់តាមនីតិវិធីច្បាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់មេត្តាជ្រាបជាព័ត៌មាន និងបន្តចូលរួមរអនុវត្តវិធានការ ៣ ការពារ ៖ ត្រូវពាក់ម៉ាស ត្រូវលាងដៃ និង ត្រូវរក្សាគម្លាតបុគ្គល ៣កុំ កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ និងកុំប៉ះពាល់គ្នា៕
ដោយ៖សុខ ខេមរា