ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន៖ អ្នកជំនាញកំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថាផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០ស.ម និងទទឹង២០ស.ម។ លោក លឹម វណ្ណច័ន្ទ បានបន្ថែមថានេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយះផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។

ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាននឹងបន្តសិក្សាបន្ថែមទៀតដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ៕

ដោយ៖ សិលា


ចែករំលែក៖