ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជម្រាបមក លោក លោកស្រី ឯកអគ្គរាជទូត និងលោក លោកស្រី អគ្គកុងស៊ុល កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។
កម្មវត្ថុ ៖ ការផ្តល់ទិដ្ឋាការដល់ជនបរទេសសម្រាប់ការធ្វើដំណើរចូលព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមជម្រាបជូន លោក លោកស្រី ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស ជ្រាបថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយ សម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធ ក្នុងករណី ដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជា ក្រសួងសូមណែនាំនូវវិធានការមួយចំនួនបន្ថែមពីលើវិធានការ របស់ក្រសួងសុខាភិបាល ចំពោះជនបរទេសដែលស្នើសុំទិដ្ឋាការចូលកម្ពុជា ដូចខាងក្រោម៖
១. ត្រូវមានលិខិតធានាឱ្យបានច្បាស់លាស់ពីក្រុមហ៊ុន ឬសមភាគីរបស់ខ្លួននៅកម្ពុជា ឬលិខិត អញ្ជើញពីស្ថាប័នរដ្ឋណាមួយរបស់កម្ពុជា។
២. ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ អំពីអាសយដ្ឋាន ឬទីកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជា និងលេខទូរស័ព្ទទំនាក់ទំនងនៅកម្ពុជា។
៣. ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជា ដោយគួរភ្ជាប់មកជាមួយនូវកម្មវិធីការងារ។
៤. ត្រូវគោរពវិធាននានាដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។
សូម លោក លោកស្រី ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស អនុវត្តតាមការណែនាំនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធិភាពខ្ពស់៕
ដោយ៖សុខ ខេមរា