ភ្នំពេញ៖ ម្សិលមិញនេះលោក អុីកូ វ៉ាក់សុងបានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា លោកបានចូលខ្លួនធ្វើតេស្តភ្លាមៗដើម្បីរកមេរោគកូវីដ-១៩ ក្រោយលោកមានចេញរោគសញ្ញាជាច្រើនដូចនឹងរោគសញ្ញារបស់មេរោគសាហាវមួយនេះ ក្នុងនោះមានដូចជា ផ្ដាសាយ ក្ដៅខ្លួន ក្អក ឈឺក ឈឺក្បាលនោះ។ពេលនេះលោកត្រូវបានបញ្ជាក់ហើយថាមានវិជ្ជមានជំងឺកូវីដ-១៩ ដែលការប្រកាសនេះត្រូវបានធ្វើដោយផលិតកររូបនេះផ្ទាល់តែម្តង។
លោក អុីកូ វ៉ាក់សុង ដែលជាផលិតករ និងជាអ្នកដឹកនាំសម្តែងមួយរូបប្រចាំផលិតកម្មហង្សមាស ដែលលេចចេញរោគសញ្ញាមួយចំនួនដែលនាំឲ្យមានការសង្ស័យនោះបានប្រកាសថារកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកាសនេះបន្ទាប់ពីលោកបានធ្វើតេស្ត និងក្រោយពីលោកបានបញ្ជាក់ថាបានប៉ះពាល់ដោយប្រយោលជាមួយលោកណុប បាយ៉ារិទ្ធិនោះ។
ទោះជាយ៉ាងណាលោកថា លោកចាប់ផ្ដើមមានអាការទាំងប៉ុន្មានខាងលើ ក្រោយពីលោកបានមានទំនាក់ទំនងដោយប្រយោលជាមួយលោក ណុប បាយ៉ារិទ្ធ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២១នោះ។ ដំណឹងនៃការរកឃើញវិជ្ជមានរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធិ កាន់តែធ្វើឲ្យផលិតកររូបនេះបារម្ភពីសុខភាពរបស់ខ្លួននិងស្វែងរកការធ្វើតេស្តជាបន្ទាន់ផងដែរ ហើយការព្រួយបារម្ភនេះបានក្លាយជាការណ៍ពិតហើយ ដូចនេះលោកបានក្លាយជាសិល្បករ និងជាក្រុមការងារបន្ទាប់ដែលមានវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះ។
គួរបញ្ជាក់ដែរថា គិតត្រឹមរសៀល ថ្ងៃទី១១ ខែមីនា នេះមានតារាចម្រៀង៣រូបនៅផលិតកម្មហង្សមាសត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ មានដូចជា លោក ណុប បាយ៉ារិទ្ធិអ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត ពិធីការិនីអ្នកនាង ចាន់ កែវ និមល គ្រូភ្លេង លោក សាន់ សុវណ្ណឌីន និងចុងក្រោយនេះគឺអ្នកដឹកនាំសម្តែង លោក អុីកូ វ៉ាក់សុងខណៈដែលពិធីករប្រចាំទូរទស្សន៍ និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយចំនួននៅផលិតកម្មនេះបញ្ជាក់ថា អវិជ្ជមាន មានដូចជា តារាចម្រៀង លោក ឆន សុវណ្ណារាជ កញ្ញា ឱក សុគន្ធកញ្ញា លោក ហ្សូណូ អ្នកនាង សុខ ស្រីនាងជាដើម ប៉ុន្តែពួកគេសុទ្ធតែបានធ្វើចត្តាឡីស័កដើម្បីបន្តតាមដានសុខភាព និងរង់ចាំធ្វើតេស្តជាលើកទី២នោះ៕
ដោយ៖ វឌ្ឍនា