ភ្នំពេញ៖ ស្វាមីរបស់ពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាស អ្នកនាងប៉ែន ស្រីពេជ្រ មានវិជ្ជមានជំងឺកូវីដ-១៩កាលពីម្សិលមិញនេះ ។ ទោះជាយ៉ាងណាលទ្ធផលតេស្តសម្រាប់តារាស្រីរូបនេះនៅមិនទាន់ចេញនៅឡើយទេនៅព្រឹកថ្ងៃទី១២ខែមីនានេះ នេះបើយោងតាមការបង្ហោះនៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ពិធីការិនីរូបនេះនៅព្រឹកនេះ។
ប៉ែន ស្រីពេជ្របានបញ្ជាក់ថា នាង ខ្ញុំនិងស្វាមីបានធ្វើតេស្ត រកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន ហើយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តឡីស័កនៅផ្ទះ១៤ថ្ងៃដើម្បីបន្តតាមដាន។ ពិធីការិនីរូបនេះប្រឈមទៅនឹងភាគរយខ្ពស់ដែលអាចឆ្លងជំងឺមួយនេះខណៈដែលនាងនិងស្វាមីនៅផ្ទះរួមគ្នា និងស្និទ្ធស្នាលក្នុងនាមជាប្តីប្រពន្ធ ប្រសិនបើលទ្ធផលវិជ្ជមានមែន ប៉ែន ស្រីពេជ្រ នឹងអាចក្លាយជាបុគ្គលិកទី៧របស់ក្រុមហ៊ុនហង្សមាសដែលមានវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះ។ ទោះជាយ៉ាងណាសារជូនពរសម្រាប់នាងជាច្រើនត្រូវបានបញ្ចេញដោយក្រុមសិល្បករ សាច់ញាតិ និងអ្នកគាំទ្រឲ្យនាងជៀសផុតពីជំងឺមួយនេះ ពិសេសការលើកទឹកចិត្តឲ្យនាងកាន់តែរឹងមាំ។ តាមការបញ្ជាក់របស់នាងបានលើកឡើងថាពេលនេះនាងមានសុខភាពធម្មតានោះទេ ហើយ នាងថា ស្វាមីរបស់នាងដែលបានធ្វើតេស្ដដំណាលគ្នាបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ ហើយ ហើយនាងបានរៀបចំសម្លៀកបំពាក់សម្រាប់ស្វាមីចេញទៅព្យាបាលតាំងពីយប់មិញម្ល៉េះ។ ទោះជាយ៉ាងណានាងក៏អាចនឹងមិនឆ្លងប្រសិនបើជំងឺនេះកើតមានលើស្វាមីនាងមុន ខណៈដែលកន្លងទៅពិធីការិនីរូបនេះក៏បានឃើញបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩នេះរួចហើយដែរ ។
គួរបញ្ជាក់ដែរថាគិតត្រឹមរសៀល ថ្ងៃទី១១ ខែមីនា នេះមានតារាចម្រៀង៣រូបនៅផលិតកម្មហង្សមាសត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ មានដូចជា លោក ណុប បាយ៉ារិទ្ធី អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត ពិធីការិនីអ្នកនាង ចាន់ កែវ និមល គ្រូភ្លេង លោក សាន់ សុវណ្ណឌីន និងចុងក្រោយនេះគឺអ្នកដឹកនាំសម្តែង លោក អ៊ីកូ វ៉ាក់សុង ខណៈដែលពិធីករប្រចាំទូរទស្សន៍ និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយចំនួននៅផលិតកម្មនេះបញ្ជាក់ថា អវិជ្ជមាន មាន ដូចជា តារាចម្រៀង លោក ឆន សុវណ្ណារាជ អ្នកនាង ឱក សុគន្ធកញ្ញា លោក ហ្សូណូ អ្នកនាង សុខ ស្រីនាងជាដើម ប៉ុន្តែពួកគេសុទ្ធតែបានធ្វើចត្តាឡីស័កដើម្បីបន្តតាមដានសុខភាព និងរង់ចាំធ្វើតេស្តជាលើកទី២៕
ដោយ៖ វឌ្ឍនា